អភិបាលស្រុកតាំងគោក អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហម នៅឃុំអណ្តូងពោធិ៍

0

(កំពង់ធំ)÷ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក​ បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវលំក្រាលគ្រួសក្រហម នៅឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងមានការចូលរួមពីកងកម្លាំងទាំងបី ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណ៣៥០នាក់ ។

លោក ប៉ែន សុខា មេឃុំអណ្តូងពោធិ៍ បានអានរបាយការណ៍សង្ខេបពីគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហមប្រវែង ១១.០២០ម៉ែត្រ ទទឹង៥ម៉ែត្រ សាងសង់លូចំនួន០៧កន្លែង អស់ថវិកា៣៨៣.៩២៦.០០រៀល ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុង ឃុំអណ្តូងពោធិ៍ ទាំងអស់ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃការសាងសង់ផ្លូវលំក្រាលគ្រួសក្រហមនេះ។ លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទឡើយ ការអភិវឌ្ឍទាំងនេះក៍ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍ សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។

ឱកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើរ សំណូមពរសម្រាប់ការសាងសង់ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឲ្យបាននូវពេលវេលាកំណត់។ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ បានលឿន និងទាន់ពេល។ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរដោយប្រុងប្រយ័ត្ន ចំពោះសុខភាព ពិសេសជនចាស់ជរាព្រោះថារដូវនេះអាកាសធាតុចុះត្រជាក់ ៕