កិច្ចប្រជុំណែនាំស្តីពី ការបោះឆ្នោតនិងចាប់លេខរៀង បេក្ខជន ឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ កិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុខសីហាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកលីសារីអភិបាលរងខេត្ត

កិច្ចប្រជុំធ្វើឡើងយោងតាមលិខិត លេខ 3096 ពណ.អវឯ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាល អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា សភាពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ដែលបានដើរតួនាទីពង្រឹងផ្នែកសេដ្ឋកិច្ចការ នាំចេញនាំចូលនូវទំនិញគ្រប់ប្រភេទជាពិសេសជួយទ្រទ្រង់ដល់អាជីវករពាណិជ្ជករនិងឧស្សាហករឲ្យមកដល់ពេលនេះអាជីវករពាណិជ្ជកកម្មបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១។

ឯកឧត្ដម គឹម សុខសីហាបានមានប្រសាសន៍ថា ដើម្បីឲ្យមាននូវតម្លាភាពយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករពាណិជ្ជករចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៦នាក់ ហេីយការបោះឆ្នោត ដោយសម្ងាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម បានបន្តថា ដោយពិនិត្យឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ ភាពលេចធ្លោខ្លាំងផ្នែកសេដ្ឋកិច្ច មានការរីកចម្រើនគួរឲ្យកត់សម្គាល់ថា ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៃច្រកទ្វារអន្តរជាតិបាននាំទំនិញចេញចូលធ្វើឲ្យខេត្តបន្ទាយមានជ័យមានសេដ្ឋកិច្ចកើនឡើងដូចនេះសមាជិកសភាពាណិជ្ជកម្មថ្មីមានតួនាទីសំខាន់នោះ គឺត្រូវខិតខំ បំពេញភារៈកិច្ចរបស់ខ្លួនឲ្យទទួលបាននូវភាពជោគជ័យព្រោះថាមានអាជីវករពាណិជ្ជករជាច្រើនបាននិងកំពុងចូលរួមបោះឆ្នោតមានទំនុកចិត្តជឿជាក់និងទុកចិត្តបាន។ដោយ៖ឃិន គន្ធា