កិច្ចប្រជុំដើម្បីត្រួតពិនិត្យ កែសម្រួល និងបំពេញបន្ថែមលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាល

0

ខេត្តកែប. នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្រ្តៃយ៍ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានដឹកនាំក្រុមការងារប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែសម្រួល និងបំពេញបន្ថែមលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកសមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ សរុបប្រមាណ ៣៩រូប។

ក្នុងកិច្ចប្រជុំ លោក គង់ សាវ៉ាត បានបញ្ជាក់ថា ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)របស់រដ្ឋបាលខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បាន និងកំពុងបន្តរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ស្របតាមគោលការណ៍ណែនាំបច្ចេកទេស លិខិតបទដ្ឋានគតិយុត្តិ មានសង្គតិភាពជាមួយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(២០១៩-២០២៣) និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍មូលដ្ឋាន និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមរយៈរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការធ្វើឱ្យខ្លឹមសារ ផែនការអភិវឌ្ឍន៍ខេត្ត ទៅជាសកម្មភាព ឬសេវាជាក់ស្ដែង ដោយភ្ជាប់នូវចំណាយមូលនិធិ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

លោកបានបន្ថែមទៀតថា គោលបំណងចំបងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ កែសម្រួល និងបំពេញបន្ថែមលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្តកែប ឱ្យស្រមតាមសេចក្តីណែនាំបច្ចេកទេស ត្រឹមត្រូវតាមទម្រង់សៀវភៅដែលបានកំណត់ក្នុងសេចក្តីណែនាំដែលដាក់ឱ្យប្រើប្រាស់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។ ក្រុមការងារត្រូវពិនិត្យ ភាពត្រឹមត្រូវ ភាពគ្រប់ជ្រុងជ្រោយ និងភាពច្បាស់លាស់នៃខ្លឹមសារ គម្រោងសកម្មភាពដែលបានដាក់បញ្ចូល ដោយផ្អែកតាមមាតិកានៃសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត៕ សេង ណារិទ្ធ