(កំពង់អ)÷ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារក្រីក្រចំនួន០៩គ្រួសារ និងគ្រួសារភ្លើងឆេះផ្ទះមួយគ្រួសារ មកពីឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់លោកមេឃុំម្សាក្រងនិងរដ្ឋបាលឃុំគ្រប់ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់បង ប្អូនប្រជាពលរដ្ឋងាយរងគ្រោះដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ហើយត្រូវជួយឆ្លើយតបទៅនឹងតម្រូវការ ផ្តល់សេវាឱ្យបានទាន់ពេលវេលា។
ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមខ្លួនក្នុងការទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់គ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
លើសពីនេះលោក សាយ គឹមឡម បានបញ្ជាក់ថា ប្រជាពលរដ្ឋវៃឆ្លាត គឺនាំគ្នាទៅចុះឈ្មោះនិងទៅបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស ដែលប្រកបដោយទស្សពិធរាជធម៌យល់សុខទុក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋ ហើយដឹកនាំប្រទេសបានរីកចំរើនលើគ្រប់វិស័យ ជាពិសេសរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌សម្រាប់ប្រទេសជាតិ។
ចុងក្រោយលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះស្ថានភាពកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសកលលោកកំពុងមានសភាពកក្រើកសាជាថ្មី ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុង០១គ្រួសារៗទទួលបាននូវ÷អង្ករ០១បេ ត្រីខរ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងមី០១កេស។





































