ឯកឧត្តម ងួន រតនៈ និងក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យទីតាំងស្ពានឆ្លងស្ទឹងសែន ត្រៀមសម្ពោធដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងក្រុមការងារថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្រាប់សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងស្ទឹងសែន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែននៅថ្ងៃខាងមុខនេះ ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

នៅក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ កំពុងតែមានការរីកចម្រើនជាលំដាប់ ពិសេសគឺការកសាងស្ពានមួយសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឲ្យមានសុវត្ថិភាព និងងាយស្រួលសម្រាប់ដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។ ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខិតខំជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ក្នុងនោះដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ សម្ដេចទាំងពីរបានជួយកសាងស្ពានបេតុងមួយប្រកបដោយគុណភាព។

ឯកឧត្តម ងួន រតនៈ ក៏បានបន្តទៀតថា សមិទ្ធផលដែលបានកសាងរួចហើយ ត្រូវតែរៀបចំសម្ពោធ និងដាក់ឲ្យប្រើប្រាស់ ឱ្យមានសោភ័ណភាពដើម្បីត្រៀមសម្ពោធនៅថ្ងៃខាងមុខនេះ។ អ្វីដែលត្រូវធ្វើគឺរៀបចំកន្លែងវេទិកាឲ្យបានល្អប្រសើរ ជួសជុលផ្លូវបន្ថែមទៀតដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងរៀបចំទីកន្លែងណាមួយសម្រាប់ទុកដាក់យានយន្តគ្រប់ប្រភេទ។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពាននេះសូមមេត្តាចូលរួមថែរក្សា ឲ្យបានគង់វង្សដែលជាសមិទ្ធផលដ៏ល្អ និងមានគុណភាពខ្ពស់។ សូមឱ្យអាជ្ញាធរមូលដ្ឋាននេះ ជួយរៀបចំបរិវេនទីតាំងស្ពានឱ្យមានភាពស្អាតបាត ឲ្យបានលឿនបំផុត ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃខាងមុខនេះ។