កិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្តប្រចាំឆ្នាំ២០២២ និងលើកទិដៅអនុវត្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

0

កំពង់ធំ)÷ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សេន ណាស៊ី ឯកឧត្តម មាសសុផល រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងមន្ត្រីរាជការជាច្រើនរូបបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្តប្រចាំឆ្នាំ២០២២ និងលើកទិដៅអនុវត្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ពីការរីកចម្រើន មន្ទីរបរិស្ថានខេត្តកំពង់ធំ ព្យាយាមរៀបចំការប្រជុំបូកសរុបលទ្ធផលការងារ បរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆមាស និងប្រចាំឆ្នាំយ៉ាងទៀងទាត់ ដើម្បីចែករំលែកព័ត៌មាន និងបទ ពិសោធន៍ដែលខ្លួនមានជូនបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ព្រមទាំង ទទួលបាននូវព័ត៌មានត្រលប់ និងអនុសាសន៍ល្អៗប្រកបដោយការស្ថាបនា សម្រាប់យកទៅពិចារណា និងអនុវត្តឱ្យស្របទៅតាមបរិបទជាក់ស្ដែងនៅមូលដ្ឋាន លិខិតបទដ្ឋានគតិយុត្តនៃអង្គភាពពាក់ព័ន្ធ និងគោល នយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លៃងថា ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មការងារមួយចំនួនជូនមន្ទីរបរិស្ថាននូវការងារគាំពារបរិស្ថាន ក្នុងការត្រួតពិនិត្យប្រភពបំពុល ដែលមានទំហំវិនិយោគក្រោម៥លានដុល្លារអាមេរិក ដែលធ្វើឲ្យមន្ទីរបរិស្ថានកាន់តែមានសិទ្ធិពេញលេញ និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការគ្រប់គ្រងសំណល់រឹង រាវ និងការបំភាយជាតិពុលទៅក្នុងបរិយាកាស ដែលជាបញ្ហាមួយដ៏រសើបកំពុងលេចធ្លោនាពេលបច្ចុប្បន្ន នៅក្នុងពេលដែលប្រទេសជាតិទាំងមូល ក៏ដូចជានៅក្នុងខេត្តកំពង់ធំ កំពុងអភិវឌ្ឍក្នុងវិស័យផលិតសិប្បកម្មកែច្នៃ បូមខ្សាច់ ការរុករករ៉ែ សំណង់ ឧស្សាហកម្ម និង​ទេសចរណ៍។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សម្រាប់មន្ទីរបរិស្ថានខេត្តកំពង់ធំ អនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារដែលមានសសរស្តម្ភចំនួន៤គឺ÷ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ដើម្បីសម្រេចបាននូវបេសកកម្ម មន្ទីរបរិស្ថានខេត្តកំពង់ធំបាននឹងកំពុងបន្តការធ្វើទំនើបកម្មអង្គភាព កែប្រែប្រួលតួនាទី ភារកិច្ចការងារ និងរបៀបរបប។ ពង្រឹងការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុទំនើប អភិវឌ្ឍធនធានមនុស្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងហេដ្ឋារចពសម្ព័ន្ធរូបវ័ន្ត លើកកំពស់ជីវភាពរស់នៅ និងសុខមាលភាពមន្ត្រីរាជការតាមរយៈការចូលរួមអនុវត្តគោលយោបាយកិច្ចគាំពារមន្រ្តីរាជការ។

ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តបន្ថែមដល់ក្រុមការងារទាំងអស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការអភិរក្ស និងគ្រប់គ្រងជីវៈចម្រុះ ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កិច្ចគាំពារបរិស្ថាន ការរៀបចំ និងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ ការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ការអប់រំចំណេះដឹងព័ត៌មានបរិស្ថាន ការលើកទឹកចិត្តការអនុវត្តមេត្រីភាពបរិស្ថាន ការស្វែងរកប្រាក់ចំណូលចូលថវិការដ្ឋ ការកំណត់ដីអាស្រ័យផលទាំងនៅក្នុងតំបន់ការពារធម្មជាតិ និងក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងកិច្ចសហការការងារជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីអនុវត្តរួមគ្នានូវការងារអន្តរវិស័យ។