កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមានស្ត្រីមេម៉ាយទ័លលំបាក ចាស់ជរាគ្មានទីពឹង ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា សរុប ៥៨គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកព្រៃឈរ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេច លោក តែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ពីក្តៅ ទៅ ត្រជាក់ នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬ គ្រុនក្តៅ ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី ៥ ឬ ទី ៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស បំលែងថ្មី កូវីដ-19។ ម៉្យាងវិញទៀត ក៏ សូមអោយ មានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម ដែលអាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។
គួរបញ្ជាក់ថា អំណោយសម្តេចកិត្តិព្រឹទ្ធបណ្តិត ដែលបានចែកជូនពលរដ្ឋងាយរងគ្រោះ មកពីឃុំព្រៃឈរ ស្រង៉ែ សូរសែន្យ សំរោង និងឃុំល្វា សរុប ៥៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល ៕
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តថ្មី នូវ អង្ករ ១០០គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ ៕