ខេត្តបាត់ដំបង : ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងធ្វើការឃាត់ខ្លួន ដោយបានរកឃើញគ្រាប់កាំភ្លើងជាង១០០គ្រាប់ផងដែរ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣ និង ៣០នាទី រសៀល ត្រង់ ចំណុចក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយកិច្ចប្រតិបត្តិការនេះ គឺបានអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបាននាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់គឺ៖ ១-ឈ្មោះ តេន ហួត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ២-ឈ្មោះ សុត ធឹម ហៅ ឆក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ៣-ឈ្មោះ ជា សំបូរ ហៅ អុីវ ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង និង ៤-ឈ្មោះ ញ៉ាត សំណាង ហៅ វេវ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖
ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៥ថង់ទូរសព្ទ័ដៃ ចំនួន ២គ្រឿង ប្រាក់រៀលចំនួន ៦០០.០០០រៀល(ហុកសិបមុឺន រៀល) កាំភ្លើងខ្លីប្រើហ្គាស់បាញ់គ្រាប់កង់ ចំនួន០១ដេីមនិងបង់ចំនួន០២ គ្រាប់កាំភ្លេីងអាកា(AK47)ចំនួន១៣២គ្រាប់ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ឧបករណ៍ប្រើប្រាស់ និងថង់ច្រករំលែកគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ននគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕ អត្ថបទ : ព្រាប.ស