(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ថវិកា មួយចំនួនទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួម ចំណែកជាមួយសម្តេចតេជោអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិ ភាពពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ អញ្ជើញទៅពិនិត្យមេីលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុង ក្រោយដែលបានបិទផ្សាយនៅសាលាឃុំ សង្កាត់ដើម្បីមានឈ្មោះទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នឹងបានអញ្ជើញបងប្អូនទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ឲ្យបានគ្រប់ៗគ្នា ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងរៀបចំចាក់ជូនបងប្អូននៅពេលខាងមុខដ៏ខ្លីនេះ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលបានអញ្ជេីញចូលរួមក្នុងពិធីនេះផងដែរ។
លោកវរសេនីយ៍ត្រី កៅ ស៊ីម អតីតយុទ្ធ ជនពិការ តំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកដល់ក្រុមគ្រួសារអតីតយុទ្ធជននៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង និងសូមជូនពរសម្ដេច ឯកឧត្តមលោកជំទាវ លោក លោកស្រីទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕