អភិបាលរងខេត្ត៖ ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ព្រោះពាក្យ“ស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ

0

(ប៉ៃលិន)៖ លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ ភាពកក់ក្តៅ» នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំតូចសាលាខេត្តប៉ៃលិន។

លោក ងួន លីណា អភិបាលរងខេត្ត បានមានប្រសាសន៏ថា៖  ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ដែលតម្រូវ ឲ្យយើងចូលរួមអនុវត្តកាត្វកិច្ច ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់វេចខ្ចប់កាកសំណល់រឹង និង រាវឲ្យមានរបៀបរៀបរយ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស “នៃភាពស្អាត” ដែលត្រង់ចំណុចនេះ “ស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។ ហើយក៏ជាទីក្រុងប្រកបដោយ “ភាពវៃឆ្លាត” មាន “ភាពស្អាតនិងបៃតង” ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ, មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ, មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ, មាន       ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់និងសម្បទាទ្រទ្រង់គ្រប់គ្រាន់ និងមានការផ្តល់ សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព គឺជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះ ក៏ជាកត្តាកំណត់ការសម្រេចចិត្តដ៏ចម្បងបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការជ្រើសរើសគោលដៅទស្សនារបស់គេនាពេលបច្ចុប្បន្នផងដែរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់     លោលជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកំពុងយកចិត្តទុកដាក់លើកកម្ពស់វិស័យទេសចរណ៍នៅខេត្តប៉ៃលិនអោយមានភាពទាក់ទាញជាងមុនដោយការស្ថាបនាផ្លូវបេតុងទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ការដាំផ្កាលំអរ ការរៀបចំខ្យុស សម្រាប់ភ្ញៀវទេសចរណ៍ ហើយការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញតំបន់ភ្នំយ៉ាត ការរៀបចំអោយមានភ្លើងចម្រុះពណ៌តាមដងផ្លូវ តាមស្ពាន និងនៅស្ទឹងតារាប ដែលទាំងនេះគឺជាការលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តប៉ៃលិនយើង អោយកាន់តែមានភាពទាក់ទាញជាងមុនបន្ថែមទៀត។ ជាមួយគ្នានោះមន្ទីរទេសចរណ៍ខេត្ត មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ អោយបានទូលំទូលាយ ដោយត្រូវសហការជាមួយមន្ទីរព័ត៌មានខេត្ត ក្នុងការចុះផ្តិតយករូបភាពនិងការផ្សព្វផ្សាយព័ត៌មានវិស័យទេសចរណ៍ នៅខេត្តប៉ៃលិនអោយបានទូលំទូលាយផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន