ខេត្តរតនគិរី៖ ការថ្លែងជំរុញរបស់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ញ៉ែម សំអឿន បានធ្វើឡើងកាលពីថ្ងៃ២៣មករាម្សិលមិញ ក្នុងគ្រាដែលលោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។
កិច្ចប្រជុំនោះទៀត ក៏មានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត អនុសាខាក្រុង-ស្រុកទាំង៩ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីប្រតិបត្តិសាខាជាច្រើនរូបទៀត ផងដែរ។
លោក ញ៉ែម សំអឿន បានថ្លែង ក្រោយកិច្ចពិភាក្សានោះ ដោយបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ប្រចាំឆ្នាំ២០២២ និងការដាក់ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលសម្រេចបានយ៉ាងល្អប្រសើរ។
លោក ញ៉ែម សំអឿន បានថ្លែងទៀតថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹង និងពង្រីកសម្មភាព នៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះឲ្យបានល្អ និងទាន់ពេលវេលា។ លោកថា ចំពោះផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាពបច្ចុប្បន្ន។
លោក ញ៉ែម សំអឿន បានថ្លែង ក្រើនរំលឹក អំពីការទទួលបានថវិកាពីសប្បុរជននានា ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តរតនគិរីយើងនេះ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែង ចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏មានតម្លៃ និងជាវេទិកាដ៏គាប់ប្រសើរ ដើម្បីឲ្យសមាជិក សមាជិកា នៃអង្គប្រជុំអាចធ្វើការវាយតម្លៃ ដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាខេត្ត បានអនុវត្តរយៈពេល ១ឆ្នាំកន្លងទៅ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ សាខាកាកបាទក្រហមខេត្ត ក្រុង-ស្រុក ស្របតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឈានទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខនាអាណត្តិទី៥នេះ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការងារមនុស្សធម៌នៅក្នុងប្រទេស។
កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន៤ ក្នុងនោះ អាទិភាពទី១ គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបម្រួលអាកាសធាតុ ,អាទិភាពទី២ គឺ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ,អាទិភាពទី៣ គឺ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង អាទិភាពទី៤ គឺ ការងារអភិវឌ្ឍស្ថាប័ន និងធនធាន៕ ដោយ៖ឡុង សំបូរ