(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី ដែលបានដឹកនាំគណៈប្រតិភូ មកធ្វើទស្សនៈកិច្ចនៅខេត្តប៉ៃលិន និងជួបសម្តែងការគួរសម ពិភាក្សាការងារ កិច្ចសហប្រតិបត្តិការ នៅតាមព្រំដែន រវាងខេត្តព្រំដែនប្រទេសទាំង២ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានសំនូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការ នូវបញ្ហាមួយចំនួនដូចជា៖ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែន រវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេស ជួយសម្រួលដល់ការនាំចេញផលិតកម្ម កសិកម្ម ទៅកាន់ប្រទេសថៃផងដែរ។
ជាការឆ្លើយតបឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ក៍បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំនូមពរ ទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។ ក្នុងឱកាសនោះឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) ក៍បានមានប្រសាសន៍កោតសសើរ ដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន