អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ណែនាំ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​សាងសង់​រំលោភបំពាន​លេីដី​ចំណី​ផ្លូវ​

0

កំពង់ចាម​:​ ក្នុងឱកាសប្រារព្ធ​ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ​ក្រាលកៅស៊ូពីរជាន់(DEST) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ម៉ែត្រ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់​ នាព្រឹកថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​មានការសាងសង់​រំលោភបំពាន​លើ​ដី​ចំណី​ផ្លូវ​ ដេីម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ និង​លើក​កម្ពស់​សោភ័ណភាព​នៅតាម​ដងផ្លូវ​ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​​ ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​ដូច​សព្វថ្ងៃ​នេះ​ ដូច្នេះ​សូម​ឲ្យ​ពុកម៉ែ​បងប្អូន​​ មានការជឿ​ ទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ ​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​​ ដេីម្បីបន្ត​រួម​គ្នា​ធ្វើ​ការ​​អភិវឌ្ឍន៍​ រីកចម្រើន​តទៅ​មុខទៀត​ ពោលគឺ​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​ ទីណា​មាន​ការ​អភិវឌ្ឍន៍​ទៅ​ដល់​ ទីនោះ​តែងតែ​មានការ​រីកចម្រើន​ ​ដោយ​ជីវភាព​ប្រជាពលរដ្ឋ​ ​កាន់តែ​ប្រសើរ​ឡើង​​ ព្រោះ​ផ្លូវគឺជាសរសៃឈាម​នៃសេដ្ឋកិច្ច​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​ឲ្យ​មាន​ការ​យោគយល់​អធ្យាស្រ័យ​ផង​ ប្រសិន​ជា​មាន​ការ​ប៉ះពាល់​ដោយ​ប្រការ​ណាមួយ​ និង​សូមឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើនេះ​ឲ្យ​បាន​ជោគជ័យ​ ប្រយោជន៍​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ក៏ដូចជា​ការ​រួម​គ្នា​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស​ និង​ងាយស្រួល​ ផងដែរ​ ។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ផ្លូវមួយខ្សែនេះ​ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម​ ។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម ។ ដោយឡែក​កំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្គោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង ៤ម ផងដែរ​ ៕