អាជ្ញាធរខេត្តព្រះវិហារកម្ពុជា និងអាជ្ញាធរខេត្តចម្ប៉ាសាក់ឡាវ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន នៃប្រទេសទាំងពីរឲ្យបានល្អប្រសើរ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការលើកទី៩ រវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងប៉ាក់សេ ។

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉ាក់សេ ​ប្រទេសឡាវ ដែលបានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ(២៣-២៥មករា២០២៣) កន្លងទៅនេះ អភិបាលខេត្តព្រះវិហារកម្ពុជា លោក គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់ ឡាវ លោកបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនខេត្តទាំងពីរ នៃប្រទេសកម្ពុជា-ឡាវ ឲ្យបានល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ស្របពេលជាមួយគ្នានោះ អភិបាលខេត្តព្រះវិហារកម្ពុជា លោក គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងផ្នែកធនធានមនុស្ស នៅក្នុងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក គីម រិទ្ធី​ បានថ្លែងថា ទំនាក់ទំនងយ៉ាងជិតស្និត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ព្រមទាំងឯកភាពបន្តពង្រឹងទំនាក់ទំនងដ៏ល្អ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ជាពិសេស វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ជាដើម។ល។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា កិច្ចសហប្រតិបត្តិការកន្លងមក បានអនុវត្តទៅលើវិស័យនានា ដែលបង្កលក្ខណៈឲ្យភាគីទាំងពីរ សហការ និងដោះស្រាយបាននូវបញ្ហា ការរក្សាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខ នៅតាមបណ្តោយព្រំដែន ដោយធានាបានលើ អំពើចោរកម្មការឆ្លងចេញចូល ការសួរសុខទុក្ខប្រជាពលរដ្ឋ ការរៀបចំពិធីបុណ្យអ៊ុំទូកមិត្តភាព រវាងស្រុកខូង ខេត្តចម្ប៉ាសាក់ឡាវ និងស្រុកឆែប ខេត្តព្រះវិហារកម្ពុជា ដើម្បីបង្កើនការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទំនិញ និងទេសចរណ៍ ផងដែរ។

លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ ក៏នៅសង្កេតឃើញថា មានបញ្ហាមួយចំនួនទៀត មិនទាន់អនុវត្តបាននៅឡើយ ដូចជា បញ្ហាការលួចកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធទំនិញខុសច្បាប់ ការបរបាញ់សត្វ ការឆ្លងដែនខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ការផ្លាស់ប្តូរកិច្ចប្រជុំ រវាងមន្ទីរជំនាញ និងមន្ទីរជំនាញ កិច្ចប្រជុំថ្នាក់ស្រុក និងថ្នាក់ស្រុកជាដើម។

ស្របពេលជាមួយគ្នានេះផងទៀត អភិបាលខេត្តព្រះវិហារកម្ពុជា លោក គីម រិទ្ធី បានជំរុញឲ្យភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ជាពិសេស ត្រូវធ្វើការផ្លាស់ប្តូរទៅលើវិស័យកសិកម្ម ដែលគ្រាបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា ខេត្តព្រះវិហារ ជាខេត្តធំជាងគេ ដែលនាំចេញនូវស្រូវសរីរាង្គ ទៅលក់នៅទីផ្សារអ៊ឺរ៉ុប និងកំពុងជម្រុញ ខេត្តមួយនេះ ឲ្យក្លាយទៅជាខេត្តសរីរាង្គផងដែរ៕​ ដោយ៖ឡុង សំបូរ