កំពង់ចាម: ក្នុងកិច្ចប្រជុំបូកសរុបការងារចលនាភូមិមួយ ផលិតផលមួយ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ ៣គឺ៖ ១-គិតជាសកលដោយធ្វើតាមមូលដ្ឋាន: គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែល អាចរកទីផ្សារបាន ។
២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើក: មានន័យថាប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិត ផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេសនិងទីផ្សារ ។
៣-ជំរុញការអភិវឌ្ឍធនធានមនុស្ស: កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបានទេ ប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមពិតជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិចលនាភូមិមួយផលិតផលមួយ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៣នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិ មួយផលិតមួយបានចំនួន ៣៥មុខផលិតផលរួចមកហើយ ។ ប៉ុន្តែយើងនៅមានផលិតផលដែល មានសក្តានុពលជាច្រើនទៀត ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក ។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទមានឆន្ទៈមោះមុតអនុតវត្តឱ្យបានតាម គោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើនោះ មូលដ្ឋានយើងនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា៖ ទីមួយ បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក ។ ទីពីរ បង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាព ត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ ៕