កម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាប នៅចំណុចចាប់ពីកោះតាបរ ដល់ផ្ទះឆេះ ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ខេត្តកំពង់ធំ ចុះបំពេញការងារស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង  ជាប្រធានក្រុមការងារ  បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុច ចាប់ពីកោះតាបរ ដល់ផ្ទះឆេះស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង ជាប្រធានក្រុមការងារ និងសមាសភាពចូលរួម សរុបចំនួន១៣នាក់ចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងសាច់អួនក្រឡាញឹកនៅកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន២១របាំងប្រវែង៥១០០ម៉ែត្រ លូ/លបសាច់អួនចំនួន ៥៣មាត់ ឡុកសាច់អួនចំនួន៤២គ្រឿង បង្គោលឈើចំនួន ៣១០០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់ ៣០គីឡូក្រាម។ ចំពោះការប្រើប្រាស់មធ្យោបាយកាណូតចំនួន០៤គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៧៥លីត្រ។                 

គួរបញ្ជាក់ផងដែរថាសម្រាប់ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ប្រចាំការនៅកន្លែង។