លោក កាំង សុវណ្ណារេន និងលោក យ៉ង់ វិសាល ត្រូវបានប្រកាសជាអភិបាលរងស្រុកតាំងគោក ខេត្តកំពង់ធំ

0

(កំពង់ធំ)៖ លោក កាំង សុវណ្ណារេន និងលោក យ៉ង់ វិសាល ត្រូវបានប្រកាសជាអភិបាលរងស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមវត្តមានឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ នៅសាលាស្រុកតាំងគោក ដោយមានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់ លោក ហាក់ ម៉ុងហួត អភិបាស្រុកតាំងគោក និងការមតិប្តេជ្ញាចិត្តរបស់លោកអភិបាលរងដែលត្រូវប្រកាសចូលកាន់តំណែងរួចមកឯកឧត្តម ចាន់ តារា បានមានប្រសាសន៍អបអរសាទរចំពោះលោក លោក កាំង សុវណ្ណារេន និងលោក យ៉ង់ វិសាល ត្រូវបានក្រសួងមហាផ្ទៃផ្តល់សេចក្តីទុកចិត្តផ្តល់តួនាទីជាអភិបាលរងថ្មីនេះ ។

ឯកឧត្តម ចាន់ តារា បានបញ្ជាក់ថាសមិទ្ធផលថ្មីៗសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ-១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មុតនូវបូរណភាពទឹកដី ។
ឯកឧត្តមបានស្នើគណៈអភិបាលស្រុក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ ក្នុងភូមិសាស្ត្រស្រុករបស់ខ្លួនព្រោះល្បែងស៊ីសងវាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្ករអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ឯកឧត្តម ចាន់ តារា បានជំរុញការអភិវឌ្ឍក៏សាងសមិទ្ធផលថ្មីៗនៅក្នុងមូលដ្ឋានពិសេសការផ្តល់សេវារដ្ឋបាលសាធារណៈនៅតាមឃុំជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត ។