អភិបាលខេត្តកំពង់ចាម​ អះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណា ឲ្យជីវភាពពលរដ្ឋ​កាន់តែ​ប្រសើរឡើង

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឲ្យជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ

កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយ         វិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
ឯកឧត្ដមអភិបាលខេត្ត​ បាន​បន្ត​ថា​ ផ្អែកតាមផែនការអភិវឌ្ឍន៍ របស់ខ្លួន រដ្ឋបាល ឃុំ សង្កាត់បានរៀបចំ និងអនុវត្ត នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗ ទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងកៀរគរធនធាន ដែលបានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព​របស់ប្រជាជននៅតាមមូលដ្ឋាន​ ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់ តាមការកំណត់ និងមានប្រសិទ្ធភាព​ ព្រោះ​គម្រោងទាំងអស់ នៅក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) គឺជាផែនការ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ​ ។ លេីសពីនោះត្រូវស្រង់យកសំណើរបស់ប្រជាពលរដ្ឋ ដែលបាន លើកឡើងក្នុងវេទិការសាធារណៈ របស់ក្រុមប្រឹក្សាខេត្ត ដាក់បញ្ចូលក្នុងកម្មវិធី វិនិយោគ តាមដែនសមត្ថកិច្ចរបស់ខ្លួន​ផងដែរ​ ៕