កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមនឹងព្រះមន្ត្រីសង្ឃ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៣ ជូនប្រជាពលរដ្ឋទ័លលំបាក ១គ្រួសារ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយមានស្ត្រីមេម៉ាយទ័លលំបាក ចាស់ជរាគ្មានទីពឹង និងជនមានពិការភាព សរុប ៩២គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកោះសូទិន ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខចំពោះប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹក ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់ នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ទៀត ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ។ លេីសពីនោះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គីភ័យ ដែលអាចបណ្តាលឱ្យបាត់បង់ ទ្រព្យសម្បត្តិ និងលំនៅដ្ឋាន ផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនគ្រួសារ លោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល ។ ជូនពលរដ្ឋងាយរងគ្រោះ សរុប ៩២គ្រួសារ, ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥ម៉ឺនរៀល ព្រមទាំងប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តមហាលាភ អង្ករ ១០០គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ មួយចំនួន ផងដែរ ៕