(កំពង់ធំ)÷ ពិធីប្រកាសកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកកំពង់ស្វាយមានចំនួន២រូបគឺ លោក លឹម ធាង និងលោក ឃុន ប៊ុនហេង ប្រកាសឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងនាយករដ្ឋបាលស្រុក១រូប គឺលោក ស៊ាន់ សុភាព ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្តអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូប នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣។
ថ្លៃងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការដោះស្រាយវិវាទទំនាស់ដីធ្លី ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គណៈអភិបាល មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីពន្លឿនការអភិវឌ្ឍក្នុងមូលដ្ឋានស្រុក ឲ្យកាន់តែមានការរីកចម្រើនប្រសើរឡើង។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំក៏បានផ្ដាំផ្ញើ សូមឲ្យអភិបាលរងទាំងបីត្រូវតែអនុវត្ត ធ្វើការទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ទៅតាមមុខជំនាញ ប្រសិនបើការងារណាមួយមិនច្បាស់សូមផ្ដល់ដំណឹងមកអភិបាលស្រុក ឬក៏ប្រធានក្រុមប្រឹក្សាស្រុក។ អភិបាលរងទាំងចាស់ទាំងថ្មី ចេះសាមគ្គីគ្នា ដើម្បីជួយពង្រឹងតួនាទីដឹកនាំការងាររបស់ខ្លួនឲ្យបានល្អ និងជោគជ័យ ត្រូវយកចិត្តទុកដាក់សហការគ្នាក្នុងអង្គភាពឲ្យមានលក្ខណៈល្អប្រសើរ។ សូមបងប្អូនទាំងអស់ ចូលរួមទៅចាក់វ៉ាក់សាំងចាប់ពីដូសទី១ ដល់ដូសទី៦ ឲ្យបានគ្រប់ៗគ្នានៅក្នុងមូលដ្ឋាន ដើម្បីការពារជំងឺកូវីដ-១៩ និងមានការប្រុងប្រយ័ត្នឱ្យគ្រប់ជំហានចៀសវាងកុំឱ្យបាត់បង់អាយុជីវិត។
- ការប្ដេជ្ញាចិត្តរបស់អភិបាលរងទាំង២ស្រុកប្រាសាទសំបូរគឺ គោរពជាតិ សាសនា ព្រះមហាក្សត្រ និងអនុវត្តស្របតាមរាប់ធម្មនុញ្ញ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសប្តេជ្ញាចូលរួមការពារសន្តិភាព។ខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ឋផលថ្មីៗបន្ថែមទៀត ស្របតាមកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងមូលដ្ឋាន។