ភ្នំពេញ ៖ នារីម្នាក់ជាម្ចាស់ហាងបើកបម្រើសេវាកម្មអីុនធើរណែតម្នាក់ត្រូវជនសង្ស័យសម្ងំនៅក្នុងបន្ទប់ឡៅតឿយកកាំបិតចាក់ធ្លាយពោះ និងអា.ក ជាច្រើនកាំបិតខណៈនារីរងគ្រោះឡើងទៅរៀបចំ សម្ភារដើម្បីបិទហាងបង្កការភ្ញាក់ផ្អើលទាំងយប់ ហើយនារីរងគ្រោះបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងផ្ទះបើកបម្រើសេវាកម្មអ៊ីនធើរណែត យីហោ១៦៨ តាមផ្លូវ១៧១ ស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានមកលេងហ្គេមនៅក្នុងបន្ទប់ឡៅតឿ ក្នុងហាងបើកអីុនធើណែតខាងលើតាំងពីម៉ោង៥ល្ងាច ដោយសង្ងំនៅក្នុងបន្ទប់នោះរហូតដល់ម៉ោងកើតហេតុ ។ ដល់ម៉ោងបិទហាងនារីម្ចាស់ហាងបានឡើងទៅលើបន្ទប់ឡៅតឿដើម្បីរៀបចំសម្ភារ ខណៈឡើងទៅដល់ក៏ឃើញជនសង្ស័យសម្ងំលាក់ខ្លួននៅទីនោះ ហើយក៏ត្រូវជនសង្ស័យរូបនោះដកកាំបិតចាក់នារីរងគ្រោះធ្លាយពោះនិងអា.ក ជាច្រើនកាំបិត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រុស-ស្រីរបស់នារីរងគ្រោះដែលកំពុងរៀបចំសម្ភារខាងក្រោម នាំគ្នាឡើងទៅប្រតាយប្រតប់ជាមួយជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចមកដល់ចាប់ខ្លួនតែម្តង ។
ទាន់ទិនឹងករណីខាងលើនេះនគរបាលខណ្ឌសែនសុខបានដាក់ការសង្ស័យថា ជាការប៉ុនប៉ងរំលោភព្រោះនារីរងគ្រោះមិនមានរបស់របរមានតម្លៃនៅជាប់នឹងខ្លួននោះទេ ម្យ៉ាងជនសង្ស័យខាងលើតែងតែមកលេងហ្គេមនៅកន្លែងកើតហេតុជាប្រចាំ។ ដោយឡែកក្រុមគ្រួសាររបស់នារីរងគ្រោះដាក់ ការសង្ស័យថាជាករណីប្លន់ ។
ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែជាអកុសលនារីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវ មុនទៅដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនទៅសូរនាំនិងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខ ។