កំពង់ធំ)÷ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រីហាក់ ពុទ្ធិតុសិតា អនុប្រធានអនុសាខាកាកបាទក្រហមស្រុក និងសហការី បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុកនិងរបស់សប្បុរសជន ទៅជូនដល់គ្រួសារឈ្មោះ ឌី សុំ អាយុ៤៤ឆ្នាំ មានមនុស្សក្នុងបន្ទុក៣នាក់ ករណីឆេះកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់លោកស្រី ហាក់ ពុទ្ធិតុសិតាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងដែលមានទំហំ៤ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ហ្វីបប្រូសុីម៉ង់ មូលហេតុមកពីភ្លើងចង្ក្រាន ឆេះកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
- លោកស្រី ហាក់ ពុទ្ធិតុសិតា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ អាស្រ័យហេតុនេះហើយសម្ដេចបានចាត់ឱ្យក្រុមការងារនាំអំណោយទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។គួរបញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះក្នុងនោះទទួលបានថវិកាចំនួន១.៩៤០.០០០រៀល (ថវិកាអនុសាខា ២០០.០០០រៀល រដ្ឋបាលឃុំ ២០០.០០០រៀល និងថវិកាសប្បុរសជនចំនួន ១.៥៤០.០០០រៀល)។ សម្ភារមាន ÷ឃីត០១ តង់០១ កន្ទេល០១ ឆ្នាំង០២ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ និងខ្នើយកើយ០២ផងដែរ។