លោកជំទាវ ង៉ែត ណារីន ណែនាំពីការពង្រឹងសាខាបក្សភូមិ ដើម្បីធ្វើជំរឿន និងធ្វើបច្ចុប្បន្នភាពក្រុម ចង់ដឹងពីសន្ទស្សន៍ស្ថិតិសមាជិកគណបក្សតាមភូមិ

0

(កំពង់ធំ)÷ ព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ណារីន ប្រធានក្រុមការងារចុះជួយឃុំឈូក អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មាធិការគណបក្សឃុំឈូក ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានសាខាបក្សភូមិទាំង១៦ភូមិ ស្ថិតនៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ហ៊ុយ គីមលី អនុប្រធានគណៈកម្មាធិការបក្សឃុំឈូក បានលើកឡើងពីការពង្រឹងសាខាបក្សភូមិ ដើម្បីធ្វើជំរឿន និងធ្វើបច្ចុប្បន្នភាពក្រុម ចងើដឹងពីសន្ទស្សន៍ស្ថិតិសមាជិកគណបក្សតាមភូមិ ស្រង់នូវសមាជិកបក្សប្រជាពលរដ្ឋក្នុងភូមិ អ្នកស្លាប់ត្រូវលុបឈ្មោះចេញ អ្នកផ្លាស់ប្ដូរទីលំនៅដ្ឋាន និងអ្នកដែលទៅធ្វើការនៅក្នុងស្រុកឬក្រៅប្រទេស។

ឆ្លៀតនៅក្នុងឱកាសនេះលោកជំទាវ ង៉ែត ណារីន ប្រធានក្រុមការងារចុះជួយឃុំឈូក បានមានប្រសាសន៍ថា ដើម្បីឲ្យរដ្ឋបាលឃុំឈូកមានភាពរឹងមាំ ក្រុមការងារត្រូវតែពង្រឹងក្បាលម៉ាស៊ីនដឹកនាំពីតួនាទី/ភារកិច្ចឲ្យបានច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។ ឧស្សាហ៍ចុះសួរសុខទុក្ខតាមខ្នងផ្ទះ ចង់ដឹងពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះកន្លងមក ងាយស្រួលយកព័ត៌មានត្រឡប់ ផ្ដល់ជូនមកថ្នាក់ដឹកនាំនៅក្នុងឃុំឲ្យបានទូលំទូលាយ។

ជាចុងក្រោយលោកជំទាវប្រធានក្រុមការងារចុះជួយឃុំឈូក ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ចូលរួមផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សនៅក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងពិតប្រាកដ។ ត្រូវផ្ដល់ដំណឹងដល់បងប្អូនប្រជាពលរដ្ឋណាដែលពុំមានអត្តសញ្ញាណប័ណ្ណ ដែលបាត់បង់ ឬខូចសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនដល់ពួកគាត់ សម្រាប់យកទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។