ខេត្តបាត់ដំបង ÷ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារនៃ កម្មវិធី (មួយជំហ៊ាន គ្មានផ្លាស្ទិក) បានចុះមកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងផ្សព្វផ្សាយអោយប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីបរិស្ថានល្អ នៅក្នុងខេត្ត ពិសេសគឺតាមតំបន់ដែលពួកគាត់រស់នៅ ព្រមទាំងបានចុះធ្វើចលនាជាក់ស្តែងនៅក្នុងក្រុងបាត់ដំបង និងនៅតាមទីប្រជុំជនមួយចំនួនផងដែរ។
នៅក្នុងកម្មវិធីនេះដែរ ក្រៅពីក្រុមការងារដែលចុះមកពីទីក្រុងភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុស្ស សរុបប្រមាណ ជាង ១.០០០ នាក់ ដែលបានចូលរួមក្នុងការប្រមូល និងរើសសម្រាម ពិសេសគឺកាកសំណល់ផ្លាស្ទិកតែម្តង។
នៅក្នុងកម្មវិធីដ៏សកម្មក្លៀវក្លានេះ គេសង្គេតឃើញថា ម្នាក់ៗមានទឹកមុខរីករាយ ព្រមទាំងបានចល័តទីទៅតាមបណ្តាចំណុចសំខាន់ៗ ដូចជានៅតាមទីផ្សារ និងស្ថានីយ៍រថភ្លើងជាដើម ៘ ដើម្បីបង្ហាញដល់មហាជនអោយយល់ច្បាស់ អំពីការថែទាំងបរិស្ថានអោយបានល្អ គ្រប់ៗគ្នានិងលុបបំបាត់នូវកាកសំណល់ផ្លាស្ទិក ដែលអាចបំផ្លាញបរិស្ថាននៅក្នុងសង្គម ដូច្នេះត្រូវធ្វើយ៉ាងណាអោយសមទៅនិងពាក្យមួយឃ្លាថា ( មួយជំហ៊ាន គ្មានផ្លាស្ទិក ) ។ ដោយកម្មវិធីនេះ ត្រូវបានបញ្ចប់នៅរសៀលថ្ងៃដដែល ដោយលទ្ធផលនៃការចុះអនុវត្ត សរុបគឺ ប្រមូលបានសម្រាមដែលជាកាកសំណល់ទូទៅ ប្រមាណ ៨២០ kg និង សម្រាមផ្លាស្ទិក ប្រមាណ ៣៥ kg ៕ អត្ថបទ : ព្រាប.ស