(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បានណែនាំដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និបាតបូកសរុប លទ្ធផលការងាររបស់ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្ទោង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សាយ គឹមឡម បានណែនាំបន្ថែមដល់សិក្ខាកាមគ្រប់រូប ត្រូវចូលរួមបញ្ចេញមតិយោបល់ឲ្យបានច្រើនផុសផុលក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា និងចំណុចខ្វះខាតមួយចំនួន ដែលកើតមានឡើងនៅក្នុងអង្គភាពរបស់ខ្លួនកន្លងមក ដើម្បីបានជាមូលដ្ឋានក្នុងការបូកសរុបនៅក្នុងរបាយការណ៍បូកសរុបបញ្ចប់អង្គសន្និបាទ និងលើកទិសដៅបន្ត។
លោកបានបន្ថែមថា ការបូកសរុបសន្និបាទប្រចាំឆ្នាំរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោងនៅពេលនេះ ពិតជាមានសារសំខាន់ណាស់នៅក្នុងការអនុវត្តកិច្ចការរបស់អង្គភាពកន្លងមក ព្រោះវាអាចជួយឲ្យយើងរកឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងអាចដាក់ទិសដៅបន្តបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការជួយលើកកម្ពស់ និងពង្រឹងប្រព័ន្ធសុខាភិបាលបន្ថែមទៀត។
ជាចុងបញ្ចប់ លោកអភិបាលស្រុក បានណែនាំដល់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីរពេទ្យបង្អែកស្ទោង និងគ្រប់មណ្ឌលសុខភាព ត្រូវបន្តសហការឯកភាពគ្នា ពង្រឹងប្រសិទ្ធភាពការងារ ពិសេសយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ។