លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ជាង ៣ពាន់នាក់ នៃសាកលវិទ្យាល័យស្វាយរៀង

0

ស្វាយរៀងៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវបានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។
នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។
លោកជំទាវក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ
១-ត្រូវបន្តការសិក្សាពេញមួយជីវិត
២-ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ
៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម
៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង
៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត
៦-ត្រូវចេះតបស្នងគុណ
ក្នុងឱកាសនោះដែរ លោកជំទាវក៏បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន ចំនួន ១០លានរៀល និង ៦.០០០$ ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបានថវិកា ២ម៉ឺនរៀល៕គឹមសេង