(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីភូមិ.ឃុំ នាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារ ដែលបានអញ្ជើញមកពីភូមិបេង និងភូមិចន្លុះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ពិសេសបងប្អូនប្រជាពលរដ្ឋយើងដែលមានជីវភាពលំបាកខ្វះខាតដោយសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផង និងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩កន្លងមកផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនោះដែរ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនៅគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងរស់នៅប្រកបដោយសុខដុមរមនាក្រោមដំបូលសន្តិភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា អំណោយដែលបានឧបត្ថម្ភជូននៅពេលនេះគឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភតាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកស៊ីអ៊ីវចំនួនមួយយួរផងដែរ។
លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោងតំណាងឲ្យប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវការលំបាករបស់ប្រជាជនបានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តមលោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕