ភ្នំភ្លើងមួយនៅក្នុងប្រទេសជប៉ុន ដែលជាតំបន់ ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពសម្រាប់ដំណើរកម្សាន្ត ត្រូវផ្ទុះឡើងនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ របួសធ្ងន់ជាង ៣០នាក់ និង៧នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើយោងតាមប្រភពពីមន្ត្រី និងបណ្តាញព័ត៌មានក្នុងស្រុក។
សារព័ត៌មាន News 24 ចេញផ្សាយនៅរាត្រីថ្ងៃសៅរ៍ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់មន្ត្រីឧត្តុនិយមថា ភ្នំភ្លើងមានឈ្មោះថា Ontake ស្ថិតនៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រនៅភាគខាងលិច នៃទីក្រុងតូក្យូ បានផ្ទុះ ឡើង នៅមុនពាក់កណ្តាលថ្ងៃត្រង់ ព្រមទាំងបណ្តាលឲ្យកំអែភ្នំភ្លើងហោះធ្លាក់ទៅកាន់ជំរាលភ្នំភាគខាងត្បូង ដែល មានកម្ពស់ជាង៣ម៉ែត្រ។
សូមជំរាបថា ជប៉ុនទើបតែកើតមានបន្ទុះភ្នំភ្លើងជាថ្មី បន្ទាប់ពីការអាក់ខានអស់រយៈពេលជាងប្រាំមួយឆ្នាំ។ ភ្នំនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សយ៉ាងខ្លាំង ដោយសារភាពចម្រុះពណ៌ នៃដើមឈើនានានៅរដូវក្តៅ៕