ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពមនុស្សធម៌

0

(កំពង់ធំ)÷ ដោយឃើញពីសកម្មភាពមមាញឹកក្នុងការបម្រើ និងដោះស្រាយការលំបាកជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងតំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលមានអង្ករចំនួន៥តោន មីជាតិចំនួន៥០០កេស ត្រីខកំប៉ុងចំនួន១០០កេស ទឹកត្រីចំនួន៣០០យួរ និងទឹកស៊ីអ៊ីវចំនួន៣០០យួរ មកប្រគល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌បម្រើប្រជាជននិងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាលបានផ្ដល់នូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្សធម៌ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា ឱ្យបានទាន់ពេលវេលា ដើម្បីសម្រាលដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕