រដ្ឋបាលខេត្តកែបកែលម្អសោភណ្ឌភាពឆ្នេរកែបដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

0

(ខេត្តកែប)៖ អភិបាលក្រុងកែប បានប្រាប់ឲ្យដឹងថា រដ្ឋបាលខេត្តកែបបាន និងកំពុងរៀបចំកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រី ស ឲ្យបានស្អាត ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះ លើវិញ្ញាសារទ្រីយ៉ាថ្លុង ក៏ដូចជាត្រៀមខ្លួន រៀបចំបុណ្យសមុទ្រឆ្នាំ២០២៣ផងដែរ។

អភិបាលក្រុងកែប លោក ខេង យ័ន បានឲ្យដឹងថា រដ្ឋបាលខេត្តបាន និងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្ត ស្រី ស ឲ្យបានល្អប្រសើរ។ នៅក្នុងគម្រោងនឹងដកនូវខឿនការ៉ូឡាចាស់ ផ្លាស់មក ថ្មក្រានីត ផ្តូលរំលំដើមឈើចាស់ ជំនួសមកវិញនូវដើមឈើថ្មីៗ និងមានការសាងសង់នូវរូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ។

បើតាមការបញ្ជាក់របស់លោកអភិបាលក្រុងកែបថា កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន យកធ្វើជាកម្មសិទ្ធិ សម្រាប់ប្រកបរបររកស៊ីទទួលទាន ហើយបានង្កើតនូវផលអវិជ្ជមាន ដល់អ្នកបម្រើសេវាកម្មលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អដល់កេរ្តិ៍ឈ្មោះខេត្តកែបទៀតផង។ ប៉ុន្តែក្រោយពេលការកែលម្អឆ្នេរកែបរួច នៅតាមបណ្តោយឆ្នេរនឹងលែងអោយមានការដាក់តាំងលក់ ឬក្រាលកន្ទេលដូចមុនទៀតហើយ ហើយរដ្ឋបាលក្រុងកែបក៏បានបង្កើតទីតាំងថ្មីផ្សេងមួយទៀត សម្រាប់អោយបងប្អូនអាជីវករ អាចទៅក្រាលកន្ទេល និងលក់ដូរបន្តទៀតបាន៕ សេង ណារិទ្ធ