អភិបាលខេត្តប៉ៃលិន ដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ត្រូវប្រើភ្នែកឱ្យបានច្រើនជាងត្រចៀក

0

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដាស់តឿន ដល់គណៈបញ្ជាការឯកភាពស្រុក ក្រុង មន្ទីរ និងអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ត្រូវប្រើប្រាស់ភ្នែក ឱ្យបានច្រើនជាងត្រចៀក ទើបអនុវត្តការងារ ទៅទទួលបានលទ្ធផលជោគជ័យ និងចំគោលដៅ បើមិនដូច្នោះទេ វានឹងប៉ះពាល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ដល់ថ្នាក់ដឹកនាំជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅសាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដោយមានការចូលរួមពីគណៈ បញ្ជាការឯកភាពស្រុក ក្រុងទាំង២ ថ្នាក់ដឹកនាំ បណ្តាមន្ទីរ កងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព។
ថ្លែងក្នុងឪកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់ចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសព្រៃឈើ បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលសកម្ម ភាពទាំងអស់នេះ តែងតែកើតមានដដែលៗ ហេតុ នេះសូម ឱ្យអាជ្ញាធរដែនដី មន្ត្រីជំនាញ និងស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវប្រើប្រាស់ភ្នែកឱ្យបានច្រើនជាងត្រចៀក ត្រូវរួមសហការគ្នាចុះ បង្ការ បង្ក្រាប និងមានវិធានការ ទៅតាមផ្លូវច្បាប់។ លោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្ត មានប្រសិទ្ធភាព គឺត្រូវយកចិត្តទុកដាក់ អនុវត្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង គ្រឿងញៀន ថែរក្សាសោភ័ណភាពអនាម័យគ្រប់មន្ទីរ អង្គភាព និងទីប្រជុំត្រូវតែស្អាត គ្មានសំរាម បង្កលក្ខណៈសប្បាយ ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីខាងមុខ ពិសេសពង្រឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា, គ្រប់គ្រងមន្ត្រីរាជការ ត្រូវលើកទឹកចិត្តមន្ត្រីសកម្ម ពង្រឹងតួនាទី ភារកិច្ច សាមគ្គីផ្ទៃក្នុងល្អ និងចូលរួមសហការបង្ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ ឱ្យខានតែបានផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន