ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ និងសហការី បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសម្បែងចំនួន ៣ខ្នងជាប់ៗគ្នា នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះផ្ទះចំនួន ៣ខ្នងសាងសង់ផ្ទាល់ដីជាប់ៗគ្នាដោយធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះជាប់ចេញទៅប្រកបមុខរបររកទទួលទាននៅខាងក្រៅ ក្នុងនោះមានក៍មានគ្រួសារអតីតយុទ្ធជនមួយគ្រួសារផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ ចំពោះការបាត់បង់ផ្ទះសម្បែងដែលកំពុងរស់នៅ និងការខូចខាតទ្រព្យសម្បត្តិដែលបានសន្សំទុកសម្រាប់ដោះស្រាយជីវភាពគ្រួសារ តែពេលនេះត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់ ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ត្រូវបន្តការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យនេះ ព្រោះនៅពេលនេះជារដូវប្រាំង ងាយស្រួលនិងមានការឆាបឆេះ ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងបីគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួនពីរយូរផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានជួយដោះស្រាយនូវការលំបាកខ្វះខាតនេះជូនពួកគាត់ និងសូមគោរពជូនពរឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។