ដោយ : ឡុង សំបូរ
ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាប និងចាប់បានរថយន្តកែច្នៃមួយគ្រឿង ដែលលួចដឹកជញ្ជូនឈើខុសច្បាប់ ១៣ដុំ ប្រគល់ទៅឲ្យមន្ត្រីជំនាញព្រៃឈើ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
មន្ត្រីអាវុធហត្ថនៅក្នុងការបង្ក្រាបជំនួញឈើខុសច្បាប់នោះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តកែច្នៃដឹកឈើ ១គ្រឿងនេះ បានដឹកនាំដោយ លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី និងក្រោយពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី នោះរួចមក។
មន្ត្រីដដែលបានឲ្យដឹងទៀតថា នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចាប់បានរថយន្តកែច្នៃ ១គ្រឿង ដែលបានដាក់ឈើរួចជាស្រេច នៅចំណុចខាងលើ និងរឹបអូសបានឈើសុក្រំ ១៣ដុំ ដែលមានមុខកាត់ធំៗ ប្រវែង ៣ម៉ែត្រស្មើនឹង ៧.៨៥៥ ម៉ែត្រគូប ។ ចំណែក ម្ចាស់រថយន្តកែច្នៃដឹកឈើ ១គ្រឿងនេះ បានរត់គេចខ្លួនបាត់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយការបង្ក្រាប វត្ថុតាងបទល្មើសរថយន្តកែច្នៃ ១គ្រឿង និងឈើទាំង ១៣ដុំ ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕