ឯកឧត្តម ម៉ាន សុគ្រី ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការជាច្រើនរូបបានអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឡើងធ្វើរបាយការណ៍ ពីការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង និងប្រកបដោយសុវត្ថិភាពសម្រាប់​ប្រជាពល​រដ្ឋគ្រប់​រូប តាមរយៈការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី សំដៅជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម ការនាំចេញផលិតផលកសិកម្ម រួមនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្ដរភាព។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ម៉ាន សុគ្រី បានថ្លែងថា វិស័យកសិកម្មក៏នៅជួប​បញ្ហាប្រឈម​មួយ​ចំនួនមាន÷ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ​របស់​ការងារស្រាវជ្រាវកសិកម្មនៅមិនទាន់​ឆ្លើយតប​ទៅ​នឹង​តម្រូវការជាក់ស្តែង។ ផលិតកម្មដំណាំកសិកម្មនៅមាន​ផលិតភាពទាប កសិកម្មនៅមានកម្រិតព្រមទាំងកង្វះការ​វិនិយោគ​លើការ​កែច្នៃ។ ប្រព័ន្ធកសិកម្មនៅ​កម្ពុជា​ភាគ​ច្រើន​ជា​កសិកម្មខ្នាតតូច ដែលតែងតែទទួលរង​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមានពី​បាតុភូត​ធម្មជាតិ ​នៃការ​ប្រែប្រួល​អាកាស​ធាតុ។ ការទប់ស្កាត់បទ​ល្មើស​ព្រៃឈើ និង​ជលផល ការ​នាំ​ចេញ​ជ័រ និង​ឈើ​កៅស៊ូ​មិនទាន់​កែច្នៃ ការ​នាំ​ចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់​នៅ​​មាន​កម្រិត​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ផលិតកម្ម ក៏ដូច​ជា​ផលិត​កម្មក្នុងស្រុកពុំទាន់​បាន​បំពេញ​គ្រប់​គ្រាន់​ទៅ​តាមតម្រូវការ។ ការ​លំបាកក្នុង​ការ​រកទីផ្សារ​លក់​ផលិតផលកសិកម្ម និង​ការ​អនុវត្តផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​នៅជួបបញ្ហា។

ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវបន្ថែម សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២២។ ពង្រឹងការគ្រប់គ្រងធនធានជលផល ដីធ្លី ការគ្រប់គ្រងធន ធានព្រៃឈើ និងសត្វព្រៃប្រកប​ដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ និងបង្រ្កាបបទល្មើសក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន។ រាល់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ ដោយផ្សារភ្ជាប់​ទៅ​នឹងការសិក្សាស្រាវជ្រាវ រិះរកមធ្យាបាយ និងវិធានការនានា ដើម្បីប្រែក្លាយ​កសិកម្មកម្ពុជា ជាកសិកម្មទំនើប។