កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងកំពង់ឆ្នាំង ចាប់ខ្លួនដាក់ទ្រុង១យប់ក្រោយ ពីរូបគេបានកាប់ទៅលើបងថ្លៃខ្លួនឯងមួយពូថៅ ចំកែងដៃនៅក្នុងជំលោះក្នុងគ្រួសារ។ ករណីបង្ករបួសស្នាមដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងផ្ទះម្តាយក្មេក ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកអធិការរងទទួលផ្នែក នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបាន អោយដឹងថា៖ជនសង្ស័យឈ្មោះ ឡេង រស្មី អាយុ៣៨ឆ្នាំ មុខរបរជាជាងសំណង់មាន ប្រពន្ធ និងកូន២នាក់ក្នុងបន្ទុកបច្ចុប្បន្នរស់នៅក្នុងផ្ទះជាមួយម្តាយក្មេកឈ្មោះខាត់ សឿន។ដោយឡែកជនរងគ្រោះដែលជាបងថ្លៃឈ្មោះ ធូ ចំរើន អាយុ២៣ឆ្នាំ រស់នៅផ្ទះតែ មួយជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកពាក្យសំដីគ្នាជាមួយប្រពន្ធរហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យបានជេរប្រមាថប្រពន្ធថែមទាំងជេរ ដល់ម្តាយក្មេកទៀត ខណៈនោះបងថ្លៃឈ្មោះ ធូ ចំរើន ទ្រាំមិនបានក៍បានជេរតបទៅវិញ ហើយក៍ត្រូវជនសង្ស័យទាញពូថៅដែលបានលាក់នៅចុងជើងកន្លែងដេកមកកាប់លើជនរងគ្រោះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡេង រស្មី បានសារភាពថា៖រូបគេពិតជាបានកាប់ទៅលើបងថ្លៃខ្លួន១ពូថៅពិតមែន ដោយសារតែនៅពេលរូបគេនិងប្រពន្ធកំពុងឈ្លោះគ្នា ជនរងគ្រោះបានយកកំពួចមកយឹតបញ្ចូលគ្រាប់ប្រុងបាញ់រូបគេ តែពេលនោះ ជនសង្ស័យបានទាញពូថៅកាប់តែម្តងទៅ។
សូមបញ្ជាក់ថា៖នៅពេលសមត្ថកិច្ចឃាត់ខ្លួនបុរសសង្ស័យខាងលើនោះ រូបគេមិនបានប្រាប់ថា បងថ្លៃខ្លួនមានព្រួញកំពួចនោះទេ នេះគ្រាន់តែជាពាក្យដោះសារ របស់គេតែ ប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជូន ខ្លួនបុរសសង្ស័យនិងសំណុំរឿង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការ បន្តនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្តអនុវត្តតាមនីតិវិធីតុលាការ៕