កំពង់ឆ្នាំង៖យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋរាប់សិបនាក់ទាំងប្រុសទាំងស្រីគ្រាចុះពីភ្នំក្រាំងដីមាសទាំងឈាមជោគខ្លួន ដោយសារក្បាលរបស់គេបែករយះចំ ពីលើ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចជើងភ្នំក្រាំងដីមាស ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលបាននាំបុរសរងគ្រោះចុះពីលើភ្នំក្រាំងដីមាសនោះបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ឡេន លី (ហៅកឹស) អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មីស្រុករលាប្អៀរ។មុនពេលប្រទះឃើញជនរងគ្រោះខាងលើ មានស្ត្រីក្មេងចាស់ក្នុងភូមិប្រមាណ ពី៦ ទៅ៧នាក់ បាននាំគ្នាឡើងលើភ្នំ ដើម្បីរកអុសយកមកទុកដុតដាំបាយ ខណៈដើរឡើង លើភ្នំបានប្រហែលជាង១០០ម៉ែត្រ ពួកគេក៍បានប្រទះឃើញបុរសរងគ្រោះដើរចុះពី លើ ភ្នំមកវិញទាំងខ្លួនប្រឡាក់សុទ្ធតែឈាម បន្ទាប់មកពួកគាត់បានមកហៅអ្នក ភូមិអោយទៅ ជួយគ្រាបុរសរងគ្រោះចុះពីភ្នំ។
នៅលើក្បាលជនរងគ្រោះគេឃើញស្នាមរយះឆូតៗជាច្រើនកន្លែងហូរឈាមស្រោច ពេញខ្លួន ថ្ងាស និងខ្លួនប្រាណ មុខឡើងប៉ោងជាំខ្មៅ។
បុរសម្នាក់ដែលជាអ្នកលក់សាំងមានផ្ទះនៅក្បែរជើងភ្នំក្រាំងដីមាសបានប្រាប់អោយ ដឹងថា៖យុវជននេះជាអ្នកភូមិជាមួយគាត់ ហើយរូបគេជាមនុស្សស្លូតណាស់។នៅមុនពេលបាត់ខ្លួនគាត់ជាអ្នកយាមអង់តែនទូរស័ព្ទម្នាក់ដែរនៅលើកំពូលភ្នំក្រាំងដីមាស តែគាត់បាន បាត់ខ្លួន១យប់២ថ្ងៃហើយ ទើបតែព្រឹកថ្ងៃទី២៨នេះអ្នករកអុសប្រទះឃើញគាត់មានឈាមស្រោចខ្លួនបែបនេះថែមទាំងវង្វែងស្មារតីអស់ទៅហើយ។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកឡឹង លឹម អាយុ៦៨ឆ្នាំ ជាឪពុកជន រងគ្រោះនិងជាប្រធានការពារការពារភូមិ កំពុងថែទាំកូនក្នុងមន្ទីរពេទ្យខេត្តបានអោយ ដឹងថា៖កូនប្រុសគាត់ពិតជាត្រូវសត្វខ្លាទះនៅលើភ្នំ ព្រោះនៅលើក្បាលដែលមានរបួស ឃើញមានស្នាមក្រចកមុតលើក្បាលជាច្រើនឆូត។ចំណែកជនរងគ្រោះបាននិយាយក្នុងភាពរវើរវាយថា មានសត្វធំណាស់ទះក្បាលរបស់គេ ហើយគេក៏បានរត់ដួលត្រឡប់ត្រឡិន ចុះពីលើភ្នំមកដី ហើយបានអ្នកស្រុកដឹកយកមកមន្ទីរពេទ្យ។
លោកនាយប៉ុស្តិនគរបាលរដ្ឋបាលស្រែថ្មីបានអោយដឹងថា៖ករណីខាងលើនេះលោកសង្ស័យថា គេដួលបុកក្បាលនឹងថ្មភ្នំ ហើយកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ
មន្ត្រីនគរបាលប៉ុស្តិ សហការរណ៍ជាមួយប្រជាការពារភូមិបាននាំគ្នាឡើងលើភ្នំក្រាំងដីមា
សតាមដានស្នាមឈាមរបស់យុវជនរងគ្រោះលុះដល់ចំណុចព្រៃស្តុកធំមួយជាកន្លែងកើតហេតុគ្មានអ្នកណាហ៊ានចូលទៅពិនិត្យក្នុងនោះឡើយ។ដូច្នេះរបួសរបស់ជនរងគ្រោះខាងលើនេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ៕