បន្ទាយមានជ័យ :នៅមុនពេលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី៣ លើកទី១ នាថ្ងៃទី៧ខែកុម្ភ: ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ មកដល់ ក៏ស្រាប់តែមានបែកធ្លាយភាពមិនប្រក្រតីនៅសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
សមាជិកនិងអនុប្រធានសភាខាងក្រុមរិះគន់ ចាត់ទុកថា នោះជាវាំងននខ្មៅ និងអំពើអយុត្តិធម៌មួយ ។
ប៉ុន្តែអនុប្រធានផ្សេងនិង ប្រធានសភានេះនិយាយថា សមាជិកដែលត្រូវបញ្ឈប់សមាជិកភាពនោះ មានកំហុសនឹងបទបញ្ជារផ្ទៃ លក្ខន្តិក:សភា, មិនបានបង់ថវិកាទ្រទ្រង់និងអសកម្មការងារ ។
ការបែកធ្លាយភាពមិនប្រក្រតីនោះ ក៏បានលេចឡើងក្នុងកិច្ចប្រជុំសម្របសម្រួលមួយកាលពីថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៣កន្លងមក នៅមន្ទីរពាណិជ្ជកម្មខេត្តដែលមានលោកគឹង វណ្ណ: អភិបាលរងខេត្ត ជាប្រធានអង្គប្រជុំ។
និងចូលរួមដោយលោកប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត លោកលោកស្រី អនុប្រធាន និងសមាជិកជ្រើសតាំង ជាដើម ។
ក្នុងនោះប្រធានអង្គប្រជុំ និងសមាជិកដូចមានឈ្មោះខាងលើហាក់ដូចជាព្យាយាមយកក្រដាសខ្ចប់ភ្លើងឬប្រើអំណាចអត្តនោម័ត ដោយលើកឡើងថា : សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តនេះក្នុងអាណត្តិទី៣ លើកទី១ មានចំនួន ១៥រូប ។
ប៉ុន្តែក្នុងនោះ.មាន២រូប បានដាក់ពាក្យលាឈប់ ។ ដូច្នេះការបោះឆ្នោតជ្រើសរើសយកសមាជិកថ្មីកំណត់យកតែចំនួន១៣នាក់ ប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ ក្ន្ងងចំណោមចំនួន ១៣នាក់នោះ . មានសមាជិកម្នាក់ទៀត គឺលោកឆេង បញ្គារឹទ្ធិ ត្រូវបានសភាស្នើបញ្ឈប់សមាជិកភាព មុនអាណត្តិ។ ហើយក៏មិនអាចឈរឈ្មោះជាថ្មីនូវបេក្ខជនសមាជិកជ្រើសតាំងដែរ ដោយសារគាត់អសកម្ម. , អនុវត្តខុសនឹងលក្ខន្តិក:សភា ,ហើយមិនបានបង់ថវិកាទ្រទ្រងសភា ។
ហេតុនេះ គេត្រូវជ្រើសរើសបេក្ខជន / នារី ១រូប បំពេញបន្ថែម មកជំនួស ដោយភ្ជាប់ជាមួយគុណសម្បត្តិ បុគ្គលនោះថា ត្រូវតែគោរពលក្ខន្តិក:សភា , ត្រូវមានឆន្ទះ និងសកម្មការងារ ។
ប៉ុន្តែករណីនេះ លោកហ៊ុយ ឡេង.អនុប្រធានសភាពាណិជ្ជកម្មខេត្ត ក៏ដូចលោកឆេង បញ្ញារឹទ្ធិ សមាជិកជ្រើសតាំងនោះបានលើកឡើងថា : ភាពមិនប្រក្រតីក្នុងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបច្ចុប្បន្នមានច្រើន ។
ក្នុងនោះ លោកប្រធានបច្ចុប្បន្ន បានរិ:រកកលល្បិចនិងមធ្យោបាយមិនសុច្ចរឹតរារាំង៊មិនអោយលោកឆេង បញ្ញារឹទ្ធិ អាចឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំង និងឈរប្រកួតតំណែងប្រធាន ។
លោកបានបន្តថា ករណីដូចគ្នា ក៏មានរួចហើយកាលពីការបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិមុន ដែលប្រធានបច្ចុប្បន្ន ក៏រកការអន្តរាគមន៍ពីក្រៅដើម្បីធានាថាគ្មានបេក្ខជនណាឈរប្រជែង ។ឬត្រូវរងសម្ពាធអោយអ្នកប្រជែងបោះបង់សិទ្ធិ ។
លោកបានបន្តថា : ជាក់ស្តែងទាំងអាជ្ញាធរ ទាំងមន្ទីរពាណិជ្ជកម្មខេត្ត ដូចជាចាំតែធ្វើតាមការចង់បានរបស់លោកប្រធានសភាពាណិជ្ជកម្មខេត្តប៉ុនប៉ងបញ្ឈប់សមាជិកភាពលោកឆេង បញ្ញារឺទ្ធិ ដោយអត្តនោម័តដែលជាអនុវត្តខុសលក្ខន្តិកៈសភា , បានលុបចោលពីក្នុងក្រុមរួមនៃតេឡេក្រាមនូវឈ្មោះសមាជិកនេះ និងជ្រើសរើសសមាជិកថ្មីឈរឈ្មោះជំនួស ។
ពោលគឺជាគោលការណ៍សមាជិកភាព(លោកឆេង បញ្ញារឹទ្ធិ) មិនទាន់ផុតសុពលភាពនៅឡើយ ល្គឹកណា មិនទាន់មានការបោះឆ្នោតជ្រើសរើសសមាជិកអាណត្តិថ្មីនិងមិនទាន់លុបចេញពីអនុក្រឹត្យដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។ឬក៏សាម៉ីខ្លួនមិនលាឈប់ ។
លោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៅមិនអាចទាក់ទងបានមកទល់ថ្ងៃទី០៤ខែកុម្ភ: ប៉ុន្តែអនុប្រធាន លោកសៀក សេដ្ឋា បានប្រាប់សារព័ត៌មានថា: សភាពាណិជ្ជកម្មជាស្ថាប័នដែលធ្វើការជាក្រុម ។ ក្រុមជួយជ្រោមជ្រែងគ្នាដើម្បីជោគជ័យការងារ ។
ហេតុនេះ បើក្នុងសមាសភាពសមាជិកជ្រើសតាំងនិងសមាជិក មានអ្នកណាមិនធ្វើការ នោះមតិរួមនឹងពិនិត្យ និងស្នើអោយគាត់លាឈប់ឬត្រូវបញ្ឈប់សមាជិកភាព។
លោកបន្តថា : ដូចករណីលោកឆេង បញ្ញារឹទ្ធិ ដែលត្រូវបញ្ឈប់និងអស់សិទ្ធិពីសមាជិកភាពមកពីគាត់មិនគោរពបទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិក:សភា។ ហើយគាត់ គួរយល់ច្បាស់ណាស់ពីភាពសកម្មឬអត់ ពីសមត្ថភាពរបស់គាត់ ។
ក្នុងនោះ ក៏មានសមាជិកភាគច្រើនបានស៊ីញ៉េ(ផ្តិតមេដៃ)លើញតិ្តមួយ ស្នើបញ្ឈប់សមាជិកភាពរបស់គាត់ ថែមទៀត ។
ហេតុនេះ គាត់គួរទទួលខុសត្រូវលើការបំពេញការងារមិនល្អរបស់គាត់ ។
ស្រដៀងគ្នានលោក ស្រឿង សុខា និងលោកជំទាវចក់ ពួក សមាជិកជ្រើសតាំងដែរ បានដឹងពីការងារមិនដិតដល់របស់គាត់ក្នុងសភា គាត់បានដាក់ពាក្យលាឈប់ដោយ ខ្លួនឯង ។ នោះជាការទទួលខុសត្រូវ ។
លោកសៀក សេដ្ឋា បានបន្តថា : ដូចកន្លងមកលោកឆេង បញ្ញារឹទ្ធិ ដែលបានទទួលតំណែងជាប្រធានសហគ្រិនវ័យក្មេង ក៏ជាសម្បទាននរបស់លោក(សៀក សេដ្ឋា) ដែរ ត្បិតសម្លេងឆ្នោតលោក បានតិចជាង ឬប្រជាប្រិយលោកទាបជាងលោកផង ។
ហេតុនេះ ករណីនេះ បើលោកឆេង បញ្ញារឹទ្ធិ សូមប្បីបោះឆ្នោតមិនឈ្នះលោក(សៀក សេដ្ឋា) ផង តើ (មានគីឡូអី)ទៅឈរប្រកួតប្រែជែងនឹងលោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបច្ចុប្បន្ន ហើយនឹងឈរឈ្មោះអាាណត្តិទី៣ លើកទី២នោះ ?.
ហេតុនេះ ការងារចំពោះមុខ វាមិនគួរផ្តោតពេកលើរឿងឈរឈ្មោះ.
រឿងសមាជិកភាពនោះទេ តែគួរផ្តោតលើដំណើរការរួមទៅមុខរបស់សភា ។
ផ្តោតលើការខិតខំរកថវិកាដើម្បីសាងសង់ស្នាក់ការផ្ទាល់ខ្លួន(លែងជួលគេ) លើទីតាំងដីរបស់លោកហ៊ុយ ឡេង តាមគំនិតផ្តួចផ្តើម ជ្រោមជ្រែងពីលោកឈឿង ឈីវអៀន ,លោកហ៊ុយ ឡេង…។
និងធ្វើអ្វីៗដើម្បីការរីកចម្រើនរបស់សភា របស់សមាជិក ហើយរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ…ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបសរាជរដ្ឋាភិបាលល្អជាង៕ដោយឃិន គន្ធា