បេក្ខជនមកពីគណបក្សនយោបាយផ្សេងៗ​ នៅស្រុកស្ទឹងត្រង់​ ជាង៣០០នាក់​ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលសមាជិកថ្មី​ មកពីគណបក្សនយោបាយផ្សេងៗ​ នៅស្រុកស្ទឹងត្រង់ ប្រមាណជាង​ ៣០០នាក់ ដែល​បាន​ធ្វើ​ឡើងនៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ឯកឧត្តមបណ្ឌិត លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួចមក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីរីករាយនិងស្និទ្ធស្នាលបំផុតចំពោះបងប្អូនដែលមានស្មារតីភ្ញាក់រលឹក វិលមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាស្រ័យដោយបានមើលឃើញពីភាពដឹកនាំ​ដ៏​ត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត បានមានមតិផ្ដាំផ្ញើចំពោះសមាជិគណបក្សថ្មីដូចតទៅ ៖ ១. សូមបងប្អូនបន្តធ្វើចលនាអូសទាញ មិត្តភ័ក្ដ សាច់ញាតិនៅក្នុងគណបក្សដ៏ទៃ ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។ ២. សូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត កុំក្បត់គណបក្ស បងប្អូនក្នុងគណបក្សទទួលបងប្អូនដោយស្មារតីសាមគ្គី ដោយមិនមានការរើសអើង ។ ៣.សូមជ្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការ​ឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ​។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ​ផងដែរ​ ៕