(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំជាប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការ
ឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការចុះពិនិត្យស្រាវជ្រាវដីតំបន់២ និងដីតំបន់៣ ដែលប្រជាពលរដ្ឋបានរស់នៅ អាស្រ័យផលជាលក្ខណៈក្រុមសាមគ្គី ជាលក្ខណៈគ្រួសារយូរឆ្នាំកន្លងមកហើយដើម្បីស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋបានប្រើប្រាស់និងអាស្រ័យផលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាព បានលើកឡើងថាដោយមានការសំណូមពរ របស់ប្រជាពលរដ្ឋដែលរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ដីក្នុងតំបន់៣រដ្ឋបាលខេត្ត សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការសិក្សាស្រាវជ្រាវ ដីប្រើប្រាស់ជាក់ស្តែងក្នុងតំបន់៣ ដើម្បីស្នើសុំកាត់ ឆ្វៀលជូនប្រជាពលរដ្ឋបន្ថែមទៀត នៅក្នុងក្រុង-ស្រុកចំនួន៦ នៃភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងនោះមានស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលមានចំនួនផ្ទៃដីសរុបទំហំ២.៧៧៧.៤៧០ហិកតា ស្មើ៦.៩១២គ្រួសារ ជាលទ្ធផល រដ្ឋបាលខេត្តទទួលបានការសម្រេចពីរាជរដ្ឋាភិបាល កែសម្រួលផ្ទៃដីនៅក្នុងក្រុង-ស្រុកចំនួន០៦នៃភូមិសាស្ត្រខេត្តកំពង់ធំចេញពីតំបន់៣មកជាតំបន់២ ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលតាមរយៈអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមក៏បានបន្តទៀតថា រដ្ឋបាលខេត្ត សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្នើសុំកែសម្រួលផ្ទៃដីពីតំបន់២ មកជាតំបន់១ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែនទំហំសរុប៧.៣២៥.៤០ហិកតា ស្មើ១.៦៥៩គ្រួសារ ជាលទ្ធផលរដ្ឋបាលខេត្ត ទទួលបានការសម្រេចពីរាជរដ្ឋាភិបាលកែសម្រួលផ្ទៃដីលំនៅឋាន និងដីស្រែពីតំបន់២ មកជាតំបន់១ក្នុងភូមិសាស្ត្រ ស្រុកកំពង់ស្វាយ ស្រុកស្ទោង និង ក្រុងស្ទឹងសែន តាមរយៈលិខិតលេខ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពបានជំរុញ ដល់មន្ត្រីជំនាញទាំងអស់ត្រូវតែអនុវត្តការងារបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ តាមស្មារតីលិខិតលេខ៦២សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល និងបទបញ្ហារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ គិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។





































