កំពង់ចាម ៖ មនុស្ស៤នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែករំដេង ស្រុកស្រីសន្ធរ សហការ ជាមួយកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដឹកនាំដោយ តំណាងអយ្យការ អមសាលាដំបូងខេត្តឆ្មក់បង្ក្រាបឃាត់ខ្លួនបាន នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលស្រុកស្រីសន្ទរបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង ក្រោយពីទទួលព័ត៌មានជំនាញថា ទីតាំងខាងលើ ជាកន្លែងបើក លេខ កន្ទុយលេខ ជាយូរណាស់មកហើយ និងធំទៀតផង ។
មន្ត្រីនគរបាល រូបនេះបានបន្តទៀតថា ក្រោយទទួលបានព័ត៌មាន និងមានការស៊ើបអង្កេត តាមជំនាញនោះ កម្លាំងនគរបាល មូលដ្ឋាន ស្រុកស្រីសន្ធរ និងមានការដឹកនាំ បញ្ជាផ្ទាល់តាម ផ្លូវច្បាប់ ដោយព្រះរាជអាជ្ញារង លោក ជៀវ ចាន់ដារ៉ា នៅវេលាម៉ោង ៤៖៣៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឡោមព័ទ្ធ ហើយឈានទៅដល់ ការឃាត់ខ្លួន មនុស្សចំនួន៤នាក់ ដែលជាមេកន្ទុយលេខ និងជាម្ចាស់ទីតាំង ។
បើតាមមន្ត្រីនគរបាល ក្រៅពីការឃាត់ខ្លួន មនុស្សទាំង៤នាក់ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង មួយចំនួន រួមមាន សៀវភៅកត់ឆ្នោត ចំនួន៩ ក្បាល និងលុយខ្មែរ ចំនួន៣០ម៉ឺនរៀល ម៉ាស៊ីន គិតលេខ ចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន ៣គ្រឿងផងដែរ។
មន្ត្រីនគរបាលដដែល បានបញ្ជាក់ថា មនុស្សទាំង៤នាក់ រួមមាន ទី១ ឈ្មោះ ស៊ឹង ស៊ីណា ភេទស្រី អាយុ ៤៣ឆ្នាំ ទី២ ឈ្មោះ កាក សុខា ភេទស្រី អាយុ៤៥ឆ្នាំ ទី៣ឈ្មោះ គៀវ ណារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ និងទី៤ ឈ្មោះ ទេព ម៉េងយ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ ដែលអ្នកទាំងអស់នេះ រស់នៅ ភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។
បច្ចុប្បន្នជនសង្សយខាងលើរត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន ន ប ខេត្តដើម្បីបន្តនិតិវធី។