កំពង់ធំ÷ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែ ដែលសម្រេចបាន និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ខែបន្ទាប់ ដោយមានការអញ្ជើញចូលរួម ពីអនុប្រធាន លោក លោកស្រី។
និងមន្ត្រីពិភាក្សាដើម្បីរកឲ្យឃើញពីបញ្ហាប្រឈមដំណោះស្រាយ សំណូមពរ និងផែនការបន្តក្នុងការអនុវត្តឲ្យមានការរីកចម្រើន។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ ង៉ែតណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលបានខិតខំបម្រើការងារសម្រេចបាននូវលទ្ធផល កិច្ចការងារដែលថ្នាក់លើដាក់ជូននាពេលកន្លងមក ក្នុងនោះក៏មាននូវចំណុចខ្វះខាតមួយចំនួនដែលត្រូវអភិវឌ្ឍ និងបំពេញបន្ថែមដើម្បីឲ្យមានដំណើរការប្រកបដោយគុណភាពខ្ពស់ផងដែរ ។
លោកជំទាវ ង៉ែត ណារីន ក៏បានលើកឡើងពីការធ្វើកាតជូនមន្រ្តី និងប័ណ្ណ ប.ស.ស ចំពោះមន្ត្រីរូបណាដែលបាត់បង់ឬខូចខាតសូមរាយការណ៍ មកមន្ទីរដើម្បីរៀបចំធ្វើថ្មីជូនឱ្យបានទាន់ពេលវេលា។ សម្រាប់មន្ត្រីដែលចុះយកព័ត៌មានប្រចាំថ្ងៃប្រសិនបើមានបញ្ហាប្រឈម សូមរាយការណ៍មកការិយាល័យទូរទស្សន៍ ដើម្បីរកដំណោះស្រាយជូន ព្រោះជាតម្រូវការចាំបាច់ដែលចុះមូលដ្ឋានជាក់ស្ដែង។
ជាចុងក្រោយ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានជំរុញដល់មន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យាគ្រប់រូប តាមការិយាល័យនីមួយៗ ត្រូវខិតខំបំពេញកិច្ចការងារតាមតួនាទី/ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត ប្រកបដោយស្មារតី និងទទួលខុសត្រូវខ្ពស់ ៕





































