ឯកឧត្ដម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​ពលរដ្ឋ រងគ្រោះដោយអគ្គីភ័យមួយគ្រួសារ ស្លាប់​៣នាក់​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត​ នាព្រឹកថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋ ១គ្រួសារ រស់នៅ ភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះអស់ទាំងស្រុង ។

គួរ​រំលឹក​ថា​ កាលពីម៉ោង ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ មានករណីអគ្គីភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្មែឥស្លាម ១គ្រួសារ ដែលមានប្ដី ឈ្មោះ យ៉ា អែល អាយុ ៥៦ឆ្នាំ មានប្រពន្ធ និងកូន ៥នាក់ រស់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើង ដោយសារការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ធ្វើពីថ្មខាងក្រោម ឈើលើប្រក់ក្បឿង ទំហំ ៦គុណនឹង ៨ម អស់ទាំងស្រុង ។ តាមប្រភពបានឲ្យដឹងថា ភ្លាមៗនោះ ឪពុកម្ដាយទាំង ២ ក៏បានពរកូននៅតូចៗ ២នាក់ ហើយក៏ស្ទុះទៅដាស់កូនកំពុងគេងលង់លក់ ៣នាក់ទៀត ដែលដេកក្នុងបន្ទប់ជាមួយគ្នា តែដោយបន្ទប់ចាក់សោរខាងក្នុង មិនអាចសង្រ្គោះបាន ។ ម៉្យាងដោយសារអំណាចភ្លើង បានឆេះខ្លាំងពេញបន្ទុក បុរសជាប្តី ក៏បង្ខំចិត្តធាក់បង្អួចលោតចុះមកដី បណ្តាលឲ្យរងរបួសជាទម្ងន់  ។  ជាអកុសល កូនស្រី -ប្រុស ទាំង ០៣នាក់ មានអាយុ ១៧ឆ្នាំ – ១៥ឆ្នាំ និង ១០ឆ្នាំ ) ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោចអធម ។ ដោយឡែក នាបច្ចុប្បន្ន បុរសជាប្តីឈ្មោះ អែល យ៉ា កំពុងសង្រ្គោះបន្ទាន់ នៅភ្នំពេញ ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំង​បានចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលវាបានបំផ្លាញលំនៅដ្ឋាន និងបាត់បង់ជីវិតកូន ៣នាក់ ថែមទៀត ។
ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ព្រមទាំង​បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារ សូមកាត់ចិត្ត និងក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ តាមរយៈ ការរស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាតផងដែរ​ ។
សូមជម្រាបថា  អំណោយមនុស្សធម៌ ដែលផ្តល់ជូនពលរដ្ឋរងគ្រោះខាងលើ រួមមាន ៖ អង្ករ ១០០ គក្រ មីជាតិ ២កេស ត្រីខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ទឹកតី ២យួរ ទឹកស៊ីអ៊ីវ ២យួរ តង់ ១ អាវយឺត ១០ និងថវិកា ចំនួន ២.០០០.០០០រៀល ។ ដោយឡែក ឯកឧត្តម ហង់ជួន ណារ៉ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកងមាស បានឧបត្ថម្ភ បន្ថែម នូវអង្ករ ៥០គក្រ មី ២កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ តង់ មុង ភួយ ខ្នើយ និងកន្ទេល ១ ព្រមទាំង ថវិកា ១.០០០.០០០រៀល ៕