មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្កិ ជាកិច្ចបច្ឆាមរណៈជូនលោកវរសេនីយ៍ទោ ហ៊ុន ហន បានទទួលមរណភាព

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នឹងបំពាក់ឋានន្តរសក្កិជាកិច្ចបច្ឆា

មរណៈជូនលោកវរសេនីយ៍ទោ ហ៊ុន ហន ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការតំឡើងឋានន្តរសក្ដិថ្នាក់វរសេនីយ៍ទោជូនសពលោកវរសេនីយ៍ត្រី ហ៊ុន ហន  ជាកិច្ចបច្ឆាមរណៈនិងបានគោរពអញ្ជើញឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបំពាក់ឋានន្តរសក្ដិជូនសពចុងក្រោយជាកិច្ចបច្ឆាមរណៈ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់នាយទាហានដ៏ល្អម្នាក់ ដែលមានឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ហើយជាយុទ្ឋមិត្តក្នុងអង្គភាពធ្លាប់រួមប្រយុទ្ធការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានចូលរួមបច្ច័យនូវថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសព និងបាន សូមបួងសួងដល់វិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ហ៊ុន ហន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហ៊ុន ហន អាយុ៥៦ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ ហើយបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃអង្គារទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១៩និង០០នាទីព្រលប់ នៅគេហដ្ឋានស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  ៕