(កំពង់ធំ)÷ ដោយមានការសំណូមពររបស់អាណាព្យាបាល សិស្សានុសិស្ស នៃសាលាបឋមសិក្សាអូរធំលិច ឃុំទីពោ និងសាលាបឋមសិក្សាប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានការលំបាកខ្វះខាតសម្ភារៈសិក្សាមួយចំនួន របស់សិស្សានុសិស្ស ដែលរស់នៅតំបន់ដាច់ស្រយាល។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងសហការី បាននាំយកនៅសម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនដល់ ក្មួយៗ សិស្សានុសិស្សចំនួន១២០នាក់ ទុកសម្រាប់ប្រើប្រាស់ក្នុងឆ្នាំសិក្សា២០២២ -២០២៣នេះ ។ ការចូលរួមជាមួយវិស័យអប់រំនៅមូលដ្ឋាន លោកអភិបាលស្រុកសន្ទុកតែងតែយកចិត្តទុកដាក់ជានិច្ច ក្នុងការគាំទ្រលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលខ្វះមធ្យោបាយធ្វើដំណើរ បានផ្តល់ជូនកង់ សម្រាប់សិស្សក្រីក្រផងដែរ។
លោកអភិបាលស្រុកសន្ទុក ក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើន ត្រូវតែចុះសួរសុខទុក្ខតាមខ្នងផ្ទះ ក្នុងការផ្ដល់នូវកម្លាំងចិត្តដល់ពួកគាត់។ ឪពុកម្ដាយគ្រប់រូបត្រូវតែជំរុញកូន មកសិក្សាឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹង ជំនាញយកមកបម្រើក្នុងគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើន។
ជាចុងក្រោយលោក ឡង គីសឹង លោកអភិបាលស្រុកសន្ទុក បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ៕





































