មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយស្បៀងអាហារជំនួយឧបត្ថម្ភរបស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមាន។ជីវភាពលំបាកខ្វះខាតចំនួន២៥០គ្រួសារ ដែលបានអញ្ជើញមកពីឃុំបន្ទាយស្ទោងចំនួន១៥០ គ្រួសារ និងឃុំរុងរឿងចំនួន១០០ គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដែលបាននាំយកនូវអំណោយសប្បុរសធម៌ របស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំនៅពេលនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅចំពោះអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ដែលបានជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២០គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខចំនួន១យួរ ផងដែរ ហើយកន្លងមកអង្គការរ៉ុកហ្វោនដឺសុនខេមបូឌា ក៏បានជួយឧបត្ថម្ភអណ្ដូងទឹកជាច្រើនកន្លែងនៅក្នុងឃុំបន្ទាយស្ទោង និងស្បៀងអាហារជាច្រើនគ្រួសាររួចមកហើយ ដេីម្បី​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្នុងពេលដែលប្រជាជនយេីងរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបន្តចូលរួមអនុវត្ត នូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋានភូមិ.ឃុំរបស់យើង។

ជាមួយនោះដែរ ក៏​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវត្រៀមខ្លួននិងឯកសារគ្រប់គ្រាន់ដើម្បីទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ជូន​គណបក្ស​នយោបាយ​ណាមួយ​ដែល​បាន​ថែរក្សា​ការពារ​ប្រទេសជាតិយើងរឲ្យទទួលបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍន៍៕