មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី ជូនដល់ប្រជាពលរដ្ឋ និងសូមអំពាវនាវឲ្យបងប្អូនយកសត្វគោក្របីរបស់ខ្លួនមកចាក់ថ្នាំទាន់ពេលវេលា

0

ខេត្តកំពង់ឆ្នាំង: ក្នុងយុទ្ឋនាការចុះចាក់ថ្នាំ វ៉ាក់សាំង ការពារជំងឺដល់សត្វគោក្របីរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិចាថ្មីឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំក្រុមការងារសហការជាមួយពេទ្យសត្វភូមិនិងអាជ្ញាធរភូមិឃុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវនាំសត្វគោ ក្របី មកចាក់ ការពារ ជម្ងឺសត្វ របស់បងប្អូនឲ្យទាន់ពេលវេលា។

នៅក្នុងឱកាសនោះដែរលោកក្រឹង សំអាតប្រធានការិយាល័យបានបន្តថា ប្រសិន
បើ សត្វពាហនៈរបស់បងប្អូន មានជំងឺកើតឡើង ហើយព្យាបាលមិនទាន់ ពេលវេលា វានឹងងាប់ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ធនធាន ដែលក៍ធ្វើឲ្យប៉ះពាល់ដល់ជីវភាព គ្រួសារយើងផងដែរ ព្រោះតែសត្វគោក្របី មានតម្លៃថ្លៃ។ ហេតុនេះសូមបងប្អូនគិតគូរពីសុខភាពសត្វរបស់ខ្លួន និងសូមកុំបណ្ដែត បណ្ដោយដូចពីពេលមុនៗ ទៀត។

ជាងនេះទៀតលោក ក្រឹង សំអាត ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាពសត្វ ដែលជាកម្លាំងអូសទាញលើមុខរបរកសិកម្មឲ្យបានត្រឹមត្រូវដូចជាកន្លែងដេកមានសុវត្ថិភាពគ្មានភក់ជ្រាំ មិនមានលាមក គោក្របីទៀត បើមានលទ្ធភាពទិញមុងមកចងឱ្យវាដេក ឬហោចណាស់ក៏មានត្រឹមភ្នក់ភ្លើងដេញមូសក៍បាន។

សូមបញ្ជាក់ដែរថាយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសត្វ នៅថ្ងៃនោះ កម្លាំងមន្ត្រីជំនាញបានបែងចែកជា៣ទីតាំងខុសគ្នា គឺនៅឃុំមេលំ ស្រុកបរិបូរណ៍ . និងឃុំក្រាំងលាវ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដែលជាលទ្ធផលក្នុងមួយថ្ងៃចាក់បានសរុប ចំនួន ២០៣៣ក្បាលក្នុងនោះវ៉ាក់សាំងដុំពកលើស្បែក ៤៥៥ ក្បាល វ៉ាក់សាំង អ៊ុតក្តាម ១៥៧៨ក្បាល (ក្របី សរុប ៤៣៦ក្បាល)ផងដែរ ៕
សុខ គឹមសៀន