(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការលុបអាជ្ញាប័ណ្ណរបស់បណ្ដាញសារ
ព័ត៌មានវីអូឌី (VOD) ដែលពិធីផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលុបអាជ្ញាប័ណ្ណរបស់បណ្ដាញសារព័ត៌មានវីអូឌី (VOD) បន្ទាប់ពីរបណ្ដាញសារព័ត៌មាននេះ បានផ្សព្វផ្សាយបំភ្លើសបំភ្លៃការពិត ដោយមានបំណងបំផ្លាញកិត្តិយស ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា និងប្រមុខកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី៤បានសូមអំពាវនាវឲ្យបណ្ដាញសារព័ត៌មាន ផ្សេងៗទៀត សូមបំពេញតួនាទីរបស់ខ្លួន ទៅតាមក្រុមសីលធម៌និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមការពិត នឹងដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជាយើង ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
នៅក្នុងឱកាសនេះផងដែរ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី៤ បានសូមប្រកាសជាថ្មីទៀត ក្នុងការគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ជានាយករដ្ឋមន្ត្រី នៅពេលអនាគត ៕





































