(កំពង់ធំ)÷ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ។
ដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានអានស្វាគមន៍ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្ត
បានរាយការណ៍ ពីហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ដូចមាន÷១.អគារសាលប្រជុំ ២.អគារមុខងារ ៣.ផ្ទះបាយថ្នាក់ដឹកនាំ.ប្រចាំបញ្ជា.កម្លាំងអន្តរាគមន៍ ៤.រោងរថយន្តចំនួន០៣កន្លែង ៥.អគាររដ្ឋបាល និងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលប្រភពថវិកា និងចំណាយរាល់សមិទ្ធផលទាំងនេះ ចំណាយថវិកាសម្រាប់សាងសង់ ជួសជុលសរុបចំនួនជាង ៦៦៥.៥៩៨.០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនប្រើប្រាស់ថវិការដ្ឋនោះទេ។ថវិកាបានមកពី ការជួយឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានា ដែលមើលឃើញពីការលំបាករបស់ស្នងការដ្ឋាននគរបាលខេត្ត តាមរយៈការអំពាវនាវចូលរួមអភិវឌ្ឍន៍កសាងអង្គភាពនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងទាំងបី និងបានលើកទឹកចិត្តដែលបានខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ពិសេសក្រុមការងារទាំងអស់បានចូលរួមផ្សព្វផ្សាយពីភូមិ/ឃុំមានសុវត្ថិភាព នៅក្នុងមូលដ្ឋាន និងការពាររាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងសហគមន៍ មានសុខសន្តិភាព និងសុវត្ថិភាពដល់ពួកគាត់គ្រប់ពេលវេលា។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចូលរួមលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធទាំងបី ត្រូវប្រចាំការឲ្យបានជាក់លាក់នៅតាមមូលដ្ឋាន ដើម្បីការពារជូនបងប្អូនប្រជាពលរដ្ឋនឲ្យបានទាន់ពេលវេលា។ ជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើបញ្ហា សេវាសាធារណៈ និងសន្តិសុខជូនប្រជាពលរដ្ឋ ជាអ្នកបម្រើជូនគាត់ឱ្យបានលឿនរហ័សជូនគាត់ដល់ផ្ទះ។ ចេះអប់រំជូនពួកគាត់ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានគ្រប់ៗគ្រួសារ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងការបើកបរ។ ស្គាល់អំពីអនាម័យបរិស្ថាន និងភូមិស្អាត ផ្សព្វផ្សាយនៅតាមមូលដ្ឋានតាមផ្ទះឲ្យគាត់យល់ពីសុខសុវត្ថិភាពនៃបរិស្ថាន។ ពង្រឹងគុណភាពនគរបាល ចេះបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ហ្វឹកហាត់ជំនាញឯកទេសតាមវិស័យនីមួយៗ ពិសេសរបស់ប៉ុស្តិ៍រដ្ឋបាល មានវិន័យ សីលធម៌ អាកប្បកិរិយា និងឥរិយាបថ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ៕





































