ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៩ កញ្ញា បានធ្វើពិធីផ្ទេរអំណាចជាមួយការធ្វើសច្ចាប្រណិធានចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោកអាស្ត្រាវហ្គានី ដែលនឹងដឹកនាំប្រទេសកំពុងមានសង្គ្រាមនេះ ដែលទោះបីមានវត្តមានដល់ទៅ១៣ឆ្នាំរបស់កងកម្លាំងអូតង់ ក៏ពុំអាចកម្ទេចការបះបោររបស់ពួកតាលីបង់ ។
លោក អាស្ត្រាវហ្គានី ជាអ្នកសេដ្ឋកិច្ច១រូបអាយុ៦៥ឆ្នាំ អតីតមន្ត្រីជាន់ខ្ពស់ម្នាក់របស់ធនាគារពិភពលោក ឡើងបន្តតំណែងពីលោកហាមីដ កាហ្សៃ ជាមនុស្សតែម្នាក់គត់ដែលដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីការដួលរលំនៃរបបតាលីបង់ពីឆ្នាំ២០០១ បន្ទាប់ពីវិបត្តិនយោបាយរយៈពេល៣ខែ ដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីមក ។
លោក អាស្ត្រាវ ហ្គានី និងគូប្រជែង លោក អាប់ ឌុលឡាហ៍ អាប់ឌុលឡាហ៍ សុទ្ធតែអះអាងពីជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៤ មិថុនា ដែលពោរពេញដោយការក្លែងបន្លំ ។ ក្រោមការគាបសង្កត់របស់ អ.ស.ប និងរបស់សហរដ្ឋអាមេរិក អ្នកទាំង២យល់ព្រមបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ហើយលោក ហ្គានី ត្រូវបានប្រកាសជាអ្នកឈ្នះឆ្នោតជាមួយសំឡេងជាង៥៥% ក្រោយការធ្វើសវនកម្មលើសន្លឹកឆ្នោតចំនួន៨លានសន្លឹកមក ។
ក្នុងពិធីមួយដែលមានកិច្ចការពារសន្តិសុខ ម៉ឺងម៉ាត់បំផុត កាលពីថ្ងៃទី២៩ កញ្ញា នៅក្រុងកាប៊ុល លោក អាស្ត្រាវ ហ្គានី ក្លាយជាប្រធានាធិបតី ហើយលោក អាប់ឌុលឡាហ៍ ក្លាយជាប្រមុខប្រតិបត្តិ មានតួនាទីដូចនាយករដ្ឋមន្ត្រីដែលនោះជាការបញ្ចប់សករាជរបស់លោកកា ហ្សៃ ៕