ក្រសួងបរិស្ថានបានផ្តល់ថវិកា គោយន្ដកន្រ្តៃ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត ជូនដល់សហគមន៍ចំនួន ៣ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តដារ៉ា រួមទាំងប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ ,ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា បាននាំយកថវិកាជិត ១៦លានរៀល គោយន្តកន្ត្រៃ រ៉ឺម៉ក អាគុយ និងអាយកូម ទៅផ្តល់ជូនសហគមន៍ចំនួន ៣ នៅក្នុងស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក និងប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកាឆែប ផងដែរ។

អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តដារ៉ា បានថ្លែងឲ្យដឹងថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្ត បានផ្តល់គោយន្តកន្ត្រៃ រ៉ឺម៉ក អាគុយ អាកូម និងថវិកា ជូនដល់សហគមន៍ចំនួន ៣ នៅក្នុងស្រុក២ គឺ ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ លោកថា សហគមន៍ដែលត្រូវទទួលបានសម្ភារៈប្រើ​ប្រាស់ទាំងនោះ គឺ ១-សហគមន៍តំបន់ការពារធម្មជាតិពោធិ៍  ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ទទួលបានគោយន្ដកន្រ្តៃ និងរ៉ឺម៉ក ១ឈុត និងអាគុយស្ងូត ៥០A ចំនួន ១គ្រឿង ,២-សហគមន៍តំបន់ការពារធម្មជាតិម្លូព្រៃកឹប ស្ថិតនៅឃុំម្លូព្រៃមួយ ស្រុកឆែប ទទួលបានគោយន្ដកន្រ្តៃ  និងរ៉ឺម៉ក ១ឈុត និងអាយកូម ៦គ្រឿង និង ៣-សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន ស្ថិតនៅក្នុងឃុំម្លូព្រៃមួយ ស្រុកឆែប ទទួលបានថវិកា សម្រាប់សាងសង់ស្នាក់ការសហគមន៍ ចំនួន ១៥លាន ៧សែន ៤ម៉ឺន ៩ពាន់ ៩៩០ រៀល សម្រាប់បម្រើការងារការពារព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុងដែនព្រៃសហគមន៍ទាំងនោះ។

អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តដារ៉ា​ បានបញ្ជាក់ថា ការផ្តល់សម្ភារៈប្រើប្រាស់ សម្រាប់ជាប្រយោជន៍ដល់សហគមន៍របស់ ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់គិតគូខ្ពស់របស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក៏ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាសហគមន៍ នៅក្នុងមូលដ្ឋាន ដែលកំពុងជួបប្រទះនូវការលំបាក នៅក្នុងកិច្ចការងារ ការពារសម្បត្តិព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ នៅក្នុងដែនព្រៃសហគមន៍ទាំងនោះ។

លោក សុខ សាន្តដារ៉ា បានអំពាវនាវឲ្យមានការចូលរួម ថែរក្សា អភិរក្សធនធានធម្មជាតិ ឲ្យបានគង់វង្ស ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងទុកសម្រាប់កូនចៅជំនាន់ៗក្រោយទៀត បានដឹង និងបានស្គាល់ ពីគុណតម្លៃនៃព្រៃឈើរបស់កម្ពុជា ៕​​ ដោយ៖ឡុង សំបូរ